អភិបាលខេត្តពោធិ៍សាត់ ជំរុញរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវពិនិត្យតាមដាន ទប់ស្កាត់ឱ្យបាន នូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាន


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរបន្ថែមទៀត និងត្រូវពិនិត្យតាមដាន ទប់ស្កាត់ឱ្យបាន នូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋានដូចជា៖ គ្រឿងញៀន លួច ឆក់ ប្លង់ ចរាចរណ៍ ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសត្រូវខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមបានជំរុញបែបនេះ នៅសាលប្រជុំថ្មីសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភារជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាន របស់លោកអភិបាលក្រុង ស្រុក និងមន្ទីរអង្គភាព នោះរួចមក, ឯកឧត្តម ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្តថា ទន្ទឹមនឹងជោគជ័យនេះដែរ ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាការផ្សព្វផ្សាយអំពីឱកាសការងារ ជូនដល់ពលករទើបមកពីប្រទេសថៃ, ការតាមដានសកម្មភាពបង្កបង្កើនផល នៅមូលដ្ឋាន, ការដោះស្រាយសំណូមពរ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យអស់លទ្ធភាព និងទាន់ពេលវេលា…។ល។

ឯកឧត្តម ខូយ រីដា បានបន្ថែមថា ដោយសារស្ថានភាពឈ្លានពានរបស់ទាហានថៃ​ ធ្វើឱ្យយើងមមាញឹកច្រើន តែទោះជាយ៉ាណា លោកសូមកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងយុវជន ដែលសាមគ្គី និងសហការគ្នាយ៉ាងល្អ ក្នុងការជួយកៀរគរ រកជំនួយសប្បុរសធម៌ សម្រាប់ជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹករបស់យើង។

ឯកឧត្តមបានគូសបញ្ជាក់ថា បើទោះបីជាស្ថានភាពតាមខ្សែបន្ទាប់ព្រំដែន កម្ពុជា-ថៃ នៅតានតឹងយ៉ាងណាក៏ដោយ ក៏បទបញ្ជារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងតាមអនឡាញ នៅតែចាត់តាំងអនុវត្តជាប្រចាំដូចភ្លៀងរលឹម ហើយអ្នកដែលនៅពីក្រោយបទល្មើស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្តមក៏បានណែនាំ ដល់អនុគណៈកម្មការទាំង៦ក្រុម ត្រូវបន្តពង្រឹងកិច្ចការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។ ដោយឡែក រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំណែនាំ និងបំផុសចលនា ឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាអនាម័យបរិស្ថាន រៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យសាកសមជាខេត្ត ដែលត្រូវបានថ្នាក់ដឹកនាំលើកសរសើរ និងត្រូវបានគេយកគំរូតាម។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន រួមទាំងអំបុកលីងជាមួយសាច់ប៉ាក់យ៉ុង ចំនួន៤០០កញ្ចប់ ដែលជាទឹកចិត្តជ្រះថ្លា របស់ភរិយាលោកផ្ទាល់ រួមជាមួយសមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ជូនដល់កងកម្លាំងចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ១៤ និងបានទទួលថវិកា ចំនួន១ពាន់ដុល្លារ ពីតំណាងលោកឧកញ៉ា លឹម ជា សម្រាប់ទុកចាត់ចែងបន្ត ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹកផងដែរ៕