ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិនក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងដូចនេះថា «កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹងនេះ កម្ពុជាថ្លែងអំណរគុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិនលើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្ដារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរដោយសន្តិវិធី»។
ឯកឧត្តម ជុំ សុន្ទរី បានបន្ថែមថា កម្ពុជារក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កម្ពុជា ក៏សុំបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរបស់អាស៊ាន លើសពីនេះកម្ពុជា បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីអនុញ្ញាតឲ្យក្រុមនេះធ្វើប្រតិបត្តិការបានឆាប់តាមដែលអាចធ្វើទៅបាន។ យន្តការនេះមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្ដីសម្រេចក្នុងកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម បានបញ្ជាក់ទៀតថា កម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះឆន្ទៈក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញក្រោយជម្លោះរវាងកម្ពុជា និងថៃ ដែលការចូលរួមនេះបង្ហាញពីការប្ដេជ្ញារួមចំពោះការកសាងសន្តិភាពរយៈពេលវែង និងការស្តារឡើងវិញនៃសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះផងដែរ៕