លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ គឺសង្កេតឃើញមានភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បង្ហាញថាជាសញ្ញាល្អមួយទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងបែបនេះបានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនយោធភូមិភាគទី៤ និងភូមិភាគទី៥ នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ក្នុងការអនុវត្តតួនាទីបានយ៉ាងខ្ជាប់ខ្ជួន។
ភ្ជាប់ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ប្រគល់មកវិញនូវយោធិនកម្ពុជា១៨រូប ឱ្យត្រឡប់មកវិញ ដើម្បីបានជួបជុំគ្រួសារ ដែលទាហានកម្ពុជាទាំងនោះត្រូវបានថៃចាប់ខ្លួន ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់។ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិ នឹងនៅតែបន្តទាមទារហូតដល់មានការដោះលែងយោធិនកម្ពុជា។ យើងមិនទុកនរណាម្នាក់ចោលនោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់ កាលពីរំលងអធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យើងសង្កេតឃើញថា មានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគី នៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា នៅប្រទេសម៉ាឡេស៉ី និងកិច្ចប្រជុំវិសាមញ្ញ RBC កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥»។
តាមរយៈកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរ, ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថាចំណុចនេះគឺមានភាពចាំបាច់ណាស់ ដែលភាគីកម្ពុជា និងថៃ ត្រូវតែកសាងលើការវិវត្តន៍ជាវិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា នៅតែបញ្ជាក់ពីជំហរដោយស្មោះត្រង់របស់ខ្លួន ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
សូមជម្រាបដែរថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕