អាជ្ញាធរមីនកម្ពុជា អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់មានមីនបន្សល់ពីសង្គ្រាមកាលពីជំនាន់ដើម, មីនគ្មានភ្នែកនោះទេ បើដើរចូលអាចគ្រោះថ្នាក់


ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម នាំមានគ្រោះថ្នាក់ផ្សេងៗ។

ឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងបែបនេះ ធ្វើឡើងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន នៅទីស្នាក់ការអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីបញ្ឈប់កុំឱ្យមានគ្រោះថ្នាក់បន្តទៀត ដូចជាបានជម្រាបជូន គឺឈប់ចូលតំបន់ដែលមានមីន បើយើងឈប់ចូលតំបន់ដែលមានមីន គឺឈប់មានគ្រោះថ្នាក់ហើយ ហើយមីនអត់មានភ្នែកទេ ជនជាតិណាក៏ដោយ តែជាន់វា ប៉ះវា អត់សំចៃទេ វាកំទេចយើង។អ៊ីចឹងសំណូមពរដល់ភាគីថៃ ទី១.កុំបន្តទន្ទា្រនចូលទឹកដីកម្ពុជា ដែលបូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម ហើយស្នើសុំឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការចោទប្រកាន់កុំចេះតែ លើកហេតុផលគ្មានការពិត ក៏ដូចជាផលិតនូវវីដេអូផ្សេងៗ ដែលពិភពលោកបានដឹងលឺថា ជាការប្រៃឌិត»

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់បន្ថែមថា តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន។ ហើយវត្តមានគ្រាប់មីនដ៏ច្រើននេះ បានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះ ក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះដែរ៕