សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសពលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន និងសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព ដែលរៀបចំឡើងនៅវត្តពោធិ៍ញ្ញាណ ហៅវត្តតាប៉ោ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

គួរំលឹកផងដែរថា លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ជាយោធាបម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំការនៅសមរភូមិជួរមុខតំបន់ភ្នំទ្រព្យ បានពលីក្នុងសមរភូមិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពាន របស់កងទ័ពថៃ។

មរណភាពរបស់លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកប ដោយព្រហ្មវិហារធម៌។ មិនត្រឹមតែប៉ុណ្ណោះ លោកអនុសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំង ជាមួយទ័ពឈ្លានពានថៃ បានបង្ហាញគំរូវីរភាពរបស់វីរៈយុទ្ធជន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

នៅក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកបច្ច័យចូលបុណ្យចំនួន ១២លាន ៤០ម៉ឺរៀល និង៨០០ដុល្លារ និងរដ្ឋបាលខេត្តស្វាយរៀងដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ថវិកា ៥លានរៀល រួមជាមួយ ថវិការបស់សមាគមឧកញ៉ា ចំនួន ១ម៉ឺនដុល្លារ ដែលដឹកនាំដោយអ្នកឧកញ៉ា អ៊ាន អេឡែន និងរួមដំណើរដោយ អ្នកឧកញ៉ា ឡាវ កាំង អ្នកឧកញ៉ា យី រដ្ឋា អ្នកឧកញ៉ា លី ប៉ោយូ សរុបប្ច័យបុណ្យចំនួន ១៧.៤០០.០០០រៀល និង ១០.៨០០ដុល្លារ៕

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី លោក ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕