លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែកនូវគោលនយោបាយទីផ្សារការងាររបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីកម្ពុជាក្នុងការរៀបចំជណ្តើរអាជីពរបស់ខ្លួន និងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ។
ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្តនិស្សិតជ័យលាភីចូលរួមជាភ្នាក់ងារព័ត៌មានទីផ្សារការងារក្នុងការផ្សព្វផ្សាយឱកាសការងារតាមរយៈការទូរសព្ទមកកាន់លេខ១២៩៧ ដើម្បីចុះឈ្មោះស្វែងរកការងារ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់សេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ។
ជាថ្មីម្ដងទៀត លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានរម្លឹកអំពីបេសកកម្មរបស់និស្សិតជ័យលាភីទាំងអស់ក្នុងនាមជាយុវជនបន្តវេន ដែលត្រូវតែក្លាហានក្នុងការការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅគ្រប់កាលៈទេសៈ និងត្រូវប្រើប្រាស់ចំណេះដឹងដែលទទួលបានក្នុងការចូលរួមកសាង និងអភិវឌ្ឍមាតុប្រទេសឱ្យបានរុងរឿងជានិច្ចនិរន្តរ៍៕