(ភ្នំពេញ)៖ នៅចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ។
យោងតាមការជូនដំណឹងរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសទាំង៣នេះ ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ គ្រោងជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។
ក្នុងសេចក្តីជូនដំណឹងនេះ ស្ថានទូតជប៉ុន បានគូសរំលេចផងដែរថា រដ្ឋាភិបាលជប៉ុនជឿជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងតាមដានដោយការយកចិត្តទុកដាក់ខ្ពស់លើជម្លោះរវាងកម្ពុជា និងថៃ ហើយក៏បានប្រឹងប្រែងក្នុងការជួយដោះស្រាយបញ្ហារវាងប្រទេសទាំងពីរផងដែរ។
រដ្ឋាភិបាល តាមរយៈឯកអគ្គរាជទូតជប៉ុន និងអនុព័ន្ធយោធាជប៉ុនប្រចាំនៅកម្ពុជា បានចុះទស្សនកិច្ចដោយផ្ទាល់នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីពិនិត្យផលប៉ះពាល់កើតចេញពីជម្លោះនេះ។ ក្នុងនោះជប៉ុន បានផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីដោះស្រាយការលំបាកទាំងឡាយរបស់កម្ពុជា បណ្តាលមកពីជម្លោះនេះផងដែរ ដោយផ្តោតជាសំខាន់ទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ៕