កិច្ចប្រជុំនេះ បានការចូលរួមពីលោកអភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទាំង៦ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រកាសអំពីសមាសភាព ផ្អែកលើសេចក្តីសម្រេចលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ស្តីពីការបង្កើតគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការ ដើម្បីអនុវត្តលិខិតលេខ ២២៦សជណ.ឧរ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលក្នុងនោះក៏មានសមាសភាពចូលរួមពី ថ្នាក់ជាតិ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារក្រសួងរ៉ែ និងថាមពល និងសមាសភាពថ្នាក់ខេត្តមួយចំនួនទៀត។
ឯកឧត្តមបន្តថា ស្មារតីលិខិតលេខ ២២៦ សជណ.ឧរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ គឺជាខេត្តទី១ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តមុនគេ។ ដូច្នេះគណៈកម្មការ អនុគណៈកម្មការ ត្រូវពិនិត្យ និងរៀបចំតួនាទីភារកិច្ច ក្នុងក្រុមការងារតាមឃុំនីមួយៗ ជាពិសេស ត្រូវរៀបចំជារបាយការណ៍ ប្រចាំថ្ងៃ ជូនប្រធានគណៈកម្មការថ្នាក់ខេត្ត និងរបាយការណ៍លទ្ធផលការងារ ជូនទៅលោកប្រធានក្រុមការងារអន្តរក្រសួង ព្រមទាំងប្រមុខរាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តមសូមស្នើគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការ ដែលមានក្នុងសេចក្តីសម្រេចលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ត្រូវចូលរួមអនុវត្តការងារ ឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ច្បាស់លាស់ និងត្រូវរៀបចំឱ្យមានជាទម្រង់បែបបទ ឯកសារពាក់ព័ន្ធជាស្តង់ដារួមមួយ សម្រាប់អនុគណៈកម្មការនីមួយៗ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានដាក់ចេញនូវគោលការណ៍ ដូចខាងក្រោម៖
ទី១៖ បង្កើតក្រុមបណ្តាញសង្គម ទទួលបន្ទុកតាមអនុគណៈកម្មការនីមួយៗ
ទី២៖ អនុគណៈកម្មការនីមួយៗ ត្រូវរៀបចំកិច្ចប្រជុំបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ ឱ្យបានត្រឹមត្រូវច្បាស់លាស់
ទី៣៖ ប្រធានអនុគណៈកម្មការនីមួយៗ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងត្រូវរាយការណ៍ជាប្រចាំ អំពីលទ្ធផលការងារ និងបញ្ហាប្រឈមនានា ដើម្បីស្នើសុំមតិដឹកនាំបន្ត ហើយ ប្រធានអនុគណៈកម្មការនីមួយៗ ត្រូវរាយការណ៍ និងសុំយោបល់ មកប្រធានគណៈកម្មការ
ទី៤៖ រៀបចំទម្រង់របាយការណ៍ប្រចាំថ្ងៃ សម្រាប់អនុគណៈកម្មការនីមួយៗ ដើម្បីរាយការណ៍មកគណៈកម្មការថ្នាក់ខេត្ត៕