សាលាដំបូងខេត្តកំពង់ចាម បញ្ជូនម៉ូតូ១០០គ្រឿង ដែលជាវត្ថុចាប់យកត្រូវរឹបអូសជាសម្បត្តិរដ្ឋ ជូនដល់វីរកងទ័ពជួរមុខការពារទឹកដី


ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានបញ្ជូនម៉ូតូចម្រុះម៉ាកចំនួន ១០០គ្រឿង ដល់វីរកងទ័ពជួរមុខ។ ម៉ូតូចម្រុះទាំង ១០០គ្រឿងនេះ គឺជាវត្ថុចាប់យកត្រូវរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ​នៃរដ្ឋបាលសាលាខេត្តកំពង់ចាម។

តាមរយៈសកម្មភាពនេះ​សាលាដំបូងខេត្តំពង់ចាម ជាស្ថាប័នដំបូង ដែលបានបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ជូនដល់វីរកងទ័ពជួរមុខការពារទឹកដី។ កាយវិការនេះជាគំរូមួយដ៏ល្អ សម្រាប់ស្ថាប័នតុលាការដទៃទៀតយកលំនាំតាមក្នុងការបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ដើម្បីបម្រើជាប្រយោជន៍ជាតិជូនដល់វីរៈកងទ័ពជួរមុខដែលកំពុងត្រូវការក្នុងប្រើប្រាស់។

ការប្រគល់ជូនកងទ័ពកម្ពុជាកំពុងការពារទឹកដីនេះ គឺមានការឯកភាពពីក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ដោយឡែកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រគល់ម៉ូតូនោះ បន្តជូនទៅតំណាងកងយុទ្ធពលខេមរភូមិន្ទ កងពលធំលេខ៣ ចំនួន៥០គ្រឿង។

ក្នុងពេលនោះដែរ នៅចំពោះមុខអ្នកសារព័ត៌មាន អ្នកមុខ អ្នកការ ឯកឧត្តមអភិបាលខេត្ត និងតំណាងកងពលធំលេខ៣ បានសម្តែងនូវទឹកចិត្តរីករាយ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ដល់សមរភូមិជួរមុខ សម្របសម្រួលផ្តល់នូវម៉ូតូចំនួន ១០០គ្រឿង ដែលជាតម្រូវការចាំបាច់បំផុតក្នុងការដឹកជញ្ជូនស្បៀងជូនដល់យុទ្ធជននៅលេណដ្ឋានជួរមុខ៕