ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង,ឯកឧត្តម ហុី ធួក អភិបាលរងខេត្តព្រៃវែង និងឯកឧត្តម ងុិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ នៅព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ ២០២៥បានអញ្ជើញដឹកនាំព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋប្រមាណជាង២៦៦០៦អង្គ/នាក់ នៅស្រុកពាមរក៌ ស្រុកបាភ្នំ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដង្ហែរក្បួនថ្មើរជើង និធម្មយាត្រាលើការគាំទ្របទឈប់បាញ់រវាង កងទ័ពកម្ពុជា នឹងកងទ័ពថៃ អរគុណសន្តិភាព កម្ពុជាត្រូវការសន្តិភាព។
ឯកឧត្តម សួន សុម៉ាលីន បានថ្លែងថា ថ្ងៃនេះពិជាមានក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សិស្សានុ សិស្ស ប្រជាពលរដ្ឋ ដើម្បីហែរក្បួន និងធម្មយាត្រា គាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីវៈកង ទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានគូសបញ្ជាក់ថា ជាការពិតណាស់ ការរៀបចំក្បួនដង្ហែរនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតី ស្នេហាជាតិ សាមគ្គី ឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទះទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាព របស់ ប្រជាជនកម្ពុជា។ តាមរយៈ សកម្មភាពជាស្មារតីជាតិនិយម ឆន្ទៈមនសិកា ការរួបរួមសាមគ្គីគ្នា នាថ្ងៃនេះ ប្រជាជនខ្មែរ សូមបង្ហាញ និងចែករំលែកទៅកាន់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព (Cambodia Love Peace Cambodia Needs Peace. Cambodia Wants Peace)។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ ដោយក៏សម្តេច តែងតែនៅរួមសុខទុក្ខជានិច្ចជាមួយប្រជាពលរដ្ឋ ពិសេសជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមិនអាចបំភ្លេចបាននូវ គុណូប្បការៈ និងការលះបង់ដ៏ធំធេងរបស់វីរៈយុទ្ធជនយើងឡើយ និងបានដោះស្រាយបញ្ហាការលំបាក និងលើកកម្ពស់ជីវភាពរបស់យុទ្ធជនជាមួយក្រុមគ្រួសារ។ ដែលនេះបានបង្ហាញពីឆ្លើយ តបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់យុទ្ធជនក្នុងបុព្វហេតុជូនប្រទេសជាតិមាតុភូមិ។
ជាមួយនេះ ឯកឧត្តម សួន សុម៉ាលីន បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើត មានប្រកបដោយចក្ខុវិស័យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ សូមបន្តចូលរួមរក្សាឲ្យបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដើម្បីរួមគ្នាការពារសន្តិភាព និង ភាពរីកចម្រើនសម្បូរសប្បាយ។ យើងទាំងអស់គ្នា នៅជួរក្រោយនៅតែបន្តជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនសមរភូមិជួរមុខ ទោះក្នុងតម្លៃណាក៏ដោយ យើងនៅតែរួមរស់ជាមួយកងកម្លាំងសមរភូមិមុខជានិច្ច៕