រដ្ឋបាលខេត្តរតនគិរី នាំយកស្បៀងអាហារ និងថវិកាដែលជាអំណោយបានមកពីពលរដ្ឋ និងសប្បុរសជនក្នុងខេត្ត ជូនវីរកងទ័ពសមរភូមិមុខទិសព្រះវិហារ


នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី បាននាំយកស្បៀងអាហារ និងថវិកាប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ ​សមរភូមិមុខទិសព្រះវិហារ​។

អំណោយទាំងនោះរួមមាន៖ ម៉ូតូហុងដា​វ៉េវ​ ចំនួន​២គ្រឿង​, ថវិកាសរុបចំនួន​៩០,០០០,០០០រៀល​, អង្ករសរុប១៣.២តោន​, ទឹកសុទ្ធ៣០០កេស​, មីកេសធំ​១២០កេស, មីកេសតូច៦៧៥កេស, ទឹកផ្លែឈេី១៨៧កេស, ត្រីខកំប៉ុង​កេសធំ១៣កេស និងគ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រេីប្រាស់មួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាល និងលោកជំទាវ បានអញ្ជេីញចុះសួរសុខទុក្ខវីរកងទ័ព ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ ដោយឯកឧត្តមបានជូនថវិកាក្នុងម្នាក់ៗទទួលបានថវិកា​៥ម៉ឺនរៀល និងឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យខេត្ត​ព្រះវិហារ​ ថវិកាចំនួន​៥,០០០,០០០រៀល។

ឯកឧត្តម ញ៉ែម សំអឿន បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាននៅសមរភូមិមុខ កងពលធំអន្តរាគមន៍លេខ៣ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរព ដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ តាមរយៈការគាំទ្រជាសម្ភារៈស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តរតនគិរី ដែលបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខនៅថ្ងៃនេះ។

ជាមួយនេះ ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ គឺស្ថិតនៅជាមួយកងទ័ព ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា ក្នុងបុព្វហេតុ «ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា»