ក្បួនព្យុះហយាត្រា «ដើរដើម្បីសន្តិភាព» ចង់បង្ហាញអន្តរជាតិថា «ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ»


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្បួនព្យុះហយាត្រាដ៏មានអត្ថន័យ «ដើរដើម្បីសន្តិភាព» ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន។ ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា «ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ»

ប្រជាជនខ្មែរទាំងអស់ បានអំពាវនាវទាមទារឱ្យមានការដោះលែងវីរយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀមចាប់ខ្លួនខុសច្បាប់ក្រោយបទឈប់បាញ់ សូមឱ្យវីរយុទ្ធជនទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញ និងសូមឱ្យមានភាពប្រក្រតីឡើងវិញនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែ រឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនទាំងអស់ ដែលបានចូលរួមនិមន្ត ដើរជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី «កម្ពុជាស្រឡាញ់សន្តិភាព ដើរដើម្បីសន្តិភាព»