ថ្ងៃទីមួយនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី (Investment Roadshow to Australia) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរុករករ៉ែនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។
នៅក្នុងជំនួបនេះក៏មានការចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
ជាកិច្ចចាប់ផ្ដើមលោក Morgan Hart បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងទទួលអនុសាសន៍អំពីការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។
នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកនាយកគ្រប់គ្រងក្រុមហ៊ុន អំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជា និងលើកបង្ហាញដល់ដៃគូវិនិយោគិន អំពីសក្តានុពលផ្សេងទៀតរបស់ប្រទេសកម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេស ដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកនាយកគ្រប់គ្រងក្រុមហ៊ុន ក៏បានលើកឡើងអំពីលទ្ធភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ។
គួរជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ បានចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕