សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានចាត់ឱ្យ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារកីឡាប្រដាល់គុនខ្មែរឈ្មោះ កួន តុលា (ហៅគីងកុង) ដែលមានជីវភាពលំបាករស់នៅផ្ទះជួល ហើយបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងស្រុង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩៖១០នាទី មូលហេតុឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការចូលរួមសោកស្តាយ ក្តីអាណិតអាសូរជូនដល់គ្រួសាររងគ្រោះ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏សូមឱ្យគ្រួសាររងគ្រោះមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយត័្នឱ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា «បើទោះបីជាបងប្អូនបាត់បង់លំនៅឋាន និងមានជីវភាព លំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។
ឯកឧត្តមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីគ្រោះអគ្គិភ័យ ដូចនេះការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ក៏ដូចជាចរន្តអគ្គិសនីជាដើម ប្រសិនបើយើងមានការធ្វេសប្រហែសតែបន្តិច វាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសនោះ គឺអាយុជីវិតមនុស្ស និងសត្វផងដែរ។
ជាមួយគ្នានេះឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។
សូមបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាក បាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផល ពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
ចំពោះអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនគ្រួសាររងគ្រោះខាងលើនេះរួមមាន៖ អង្ករ១០០ គីឡូក្រាម, ទឹកសុទ្ធ៥កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ ៥យួរ, មីជាតិ ៥កេស, ត្រីខ៥យួរ, សំពត់តង់១, ឃីត (មុង ភួយ ក្រមា សារុង) ១ឃីត និងថវិកាមួយចំនួន។ ជាមួយគ្នានេះដែរក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដើម្បីសាងសង់ផ្ទះសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន ព្រមទាំងបានត្រៀមផ្តល់ដីសង្គមកិច្ច១កន្លែង សម្រាប់គ្រួសាររងគ្រោះខាងនេះ ដើម្បីមានដីមានផ្ទះបានរស់នៅសមរម្យ៕