ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ សុជីវធម៌ គុណធម៌ និងអប់រំកាយចិត្តមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ ចៀសឆ្ងាយអំពីអំពើអកុសលទាំងពួង។ ជាមួយគ្នានេះវត្តអារាមក៏ជាទីកន្លែងមួយសម្រាប់ជាការស្នាក់អាស្រ័យដល់សិស្សានុសិស្សដែលមកពីទីឆ្ងាយ ដើម្បីបន្តការសិក្សារៀនសូត្រផងដែរ។
ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់សមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) ស្ថិតក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ បានដើរទៅមុខជាបន្តបន្ទាប់ ជាក់ស្ដែងដូចនៅក្នុងវត្តសិរីសារពេជ្ញ (តាគោក)នេះ បានកសាងនូវសមិទ្ធផលថ្មីៗជាច្រើនរីកដុះដាលនៅក្នុងព្រះពុទ្ធសាសនាដែលធ្វើឱ្យវត្តអារាមមួយនេះ បានបំពេញនូវសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងធ្វើឱ្យប្រជាពុទ្ធបរិស័ទងាយស្រួល ក្នុងការធ្វើបុណ្យទាន ភាវនាធម៌ សមាទានសីល ដែលជាប្រយោជន៍ក្នុងការលើកកម្ពស់គុណតម្លៃនៃព្រះពុទ្ធសាសនា ក៏ដូចជាការធ្វើឱ្យពុទ្ធបរិស័ទ បានបំពេញនូវបុណ្យកុសលរបស់ខ្លួន។
សូមបញ្ជាក់ថា ការបញ្ចុះបឋមសិលាសាងសង់សមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) មានគម្រោងសាងសងកុដិសម្រាប់ព្រះសង្ឃស្នាក់នៅ ខ្នាតទទឹង ១០ម៉ែត្រ បណ្តោយ ៧៧ម៉ែត្រ និងគម្រោងសាងសង់ ហោព្រៃ ទទឹង ៧ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ ដើម្បីកសាងទុក្ខតម្កល់ក្នុងព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍រួមដល់ពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទានផងដែរ៕