អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនគ្រួសារវីរកងទ័ពកង


ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា គ្រួសារវីរកងទ័ពជួរមុខដែលភរិយាមានផ្ទៃពោះ និងត្រូវទទួលសេវាព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។

ការថ្លែងបែបនេះរបស់ឯកឧត្តម មាន ចាន់យ៉ាដា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនគ្រួសារវីរកងទ័ពកងការពារ ព្រំដែនគោក៤០៣ ចំនួន២៥៤គ្រួសារ នៅស្រុកអន្លង់វែង និងកងការពារព្រំដែនគោក៤០២ ក្នុងក្រុងសំរោង ចំនួន៣៤៥គ្រួសារ នាព្រឹកថ្ងៃទី២៥ខែ សីហា ឆ្នាំ២០២៥នេះ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះវីរកងទ័ពនិងក្រុមគ្រួសារជានិច្ច។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានលើកឡើងពីសារៈសំខាន់នៃការផ្តល់ នូវការថែទាំសុខភាពដ៏ល្អដល់ម្តាយ និងទារកដើម្បីធានាថាពួកគាត់ មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ គោលការណ៍នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើជីវភាពរស់នៅរបស់កងទ័ពគ្រប់ ជាន់ថ្នាក់ដែលបានលះបង់ កម្លាំងកាយចិត្ត និងអាយុជីវិតដើម្បីបុព្វហេតុ ការពារជាតិមាតុភូមិ ។

ឯកឧត្តមក៏បានថ្លែងរម្លឹកដល់ក្រុមគ្រួសារយោធិនឱ្យប្រើប្រាស់កាតបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ដើម្បីទទួលបាន សេវាព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យ ដៃគូរបស់បេឡាជាតិ។ គោលការណ៍នេះ ក៏រាប់បញ្ចូលទាំងការថែទាំមុនពេល សម្រាល និងក្រោយពេលសម្រាលផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារវីរកងទ័ពនាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ទឹកសុទ្ធ១កេស និងគ្រាប់ពូជបន្លែចំនួន ៦មុខ ចំនួន១ឃីដផងដែរ៕