សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទ ឯកឧត្តម គ្រិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមសម្តែងការអបអរសាទរ យ៉ាងកក់ក្តៅបំផុត និងជូនពរគ្រប់ប្រការចំពោះ ឯកឧត្តម និងតាមរយៈ ឯកឧត្តម ជូនចំពោះរដ្ឋសភា និងប្រជាជន វៀតណាមជាទីរាប់អានផងដែរ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ចាប់តាំងពីទទួលបានឯករាជ្យមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់បក្ស កុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម, វៀតណាមទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទំនើបកម្ម និងការកែលម្អសុខុមាលភាពរបស់ប្រជាជន ខណៈពេលដែល វៀតណាមដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងពិភពលោក។

កម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះចំណងជាប្រពៃណីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ក្រោមស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំ បានកត់សម្គាល់ដោយការពេញចិត្ត ដែលចំណងទំនាក់ទំនងរបស់យើង បន្តរីកចម្រើន លើគ្រប់វិស័យ និងគ្រប់កម្រិត ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង។

ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ខ្ញុំ សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ទាំងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអន្តរសភា ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ទាំងក្នុង និងក្រៅតំបន់របស់យើង។

សាជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមគោរពជូនពរ ឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃរដ្ឋសភាវៀតណាម មានសុខភាពល្អ សុភមង្គល និង ជោគជ័យជាបន្តបន្ទាប់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម»៕