ជំនួបជាមួយរដ្ឋមន្ត្រីរ៉ែ និងថាមពលកម្ពុជា, ក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាមេរិក មានផែនការសហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ


ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាមេរិក បានបញ្ជាក់ពីផែនការសហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ លោក Casey Barnett ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil បានជួបពិភាក្សាជាមួយរូបលោក អំពីឱកាសសហការគ្នាជាមួយកម្ពុជា ក្នុងការផ្គត់ផ្គង់ប្រេង និងផលិតផលឧស្ម័នគ្រប់ប្រភេទ។

ក្នុងជំនួបនោះ ភាគីទាំងពីរកម្ពុជា-អាមេរិក បានឯកភាពក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុនប្រេងរបស់អាមេរិកនេះ អាចជួយផ្គត់ផ្គង់ប្រេងនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការស្វែងរកឱកាសសហការផ្គត់ផ្គង់ប្រេង និងឧស្ម័ននេះ គឺដោយសារក្រុមហ៊ុនជឿជាក់លើការដឹកនាំ និងគោលនយោបាយគាំទ្រសេដ្ឋកិច្ចបើកចំហរ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងការប្រឹងប្រែងរបស់សម្តេច ដើម្បីឱ្យប្រភពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ។

ឯកឧត្តមបញ្ជាក់ថា ជំហ៊ានបន្ទាប់ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនប្រេង ExxonMobil នឹងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យលទ្ធភាពក្នុងការសហគារគ្នា៕