ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា សិស្សសាលារៀនជំនាន់ថ្មីរបស់កម្ពុជា មានគុណភាព និងសមត្ថភាព ប្រដំត្រសងជាមួយនឹងសិស្សសាលារដ្ឋនៅប្រទេសសិង្ហបុរី ដែលបង្ហាញពីគុណភាពសិក្សានៅកម្ពុជា និងសមត្ថភាពយុវជនកម្ពុជាកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គូសបញ្ជាក់បែបនេះក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ។
ឯកឧត្តមបានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនប្រកបដោយមោទនថា វិទ្យាល័យព្រះស៊ីសុវត្ថិ សាលាជំនាន់ថ្មីនេះ ជាគុណភាពសិស្ស គឺប្រដំត្រសងជាមួយនឹងសិស្សសាលារដ្ឋនៅប្រទេសសិង្ហបុរីដែរ យើងមានសហការគ្នា សកម្មភាពរួមគ្នាយើងឃើញថា នៅពេលខ្លះសិស្សរបស់យើង គឺមានសមត្ថភាពខ្ពស់ជាងសិង្ហបុរីទៀត ជាពិសេសសិស្សនារី ហើយសូម្បីតែនិយាយភាសាអង់គ្លេសក៏និយាយល្អផងដែរ»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងអប់រំបាន និងកំពុងរៀបចំសាលារៀនគម្រូបែបនេះបន្ថែមទៀត ដែលរហូតដល់ឆ្នាំ២០២៨ ក្រសួងដាក់គោលដៅនឹងរៀបចំឱ្យមានសាលាគម្រូ ឱ្យបានយ៉ាងហោចណាស់ពី៥០០ ទៅ១០០០សាលា។
សាលារៀនជំនាន់ថ្មី ត្រូវបង្កើតសាលាជំនាន់ថ្មីដំបូងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងដាក់ឱ្យអនុវត្តសាកល្បងនៅឆ្នាំ២០១៥ ដែលមកទល់បច្ចុប្បន្នមានចំនួន១៤សាលា ដោយផ្តល់នូវការអប់រំមួយដែលមានគុណភាពសល់សិស្សានុសិស្ស៕