សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី


នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃបូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

សូមបញ្ជាក់ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ជាធនគារមួយដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជិនពីង។ ប្រទេសចិនបានប្រកាសអំពីផែនការបង្កើតធនគារនេះ នៅខែតុលា ឆ្នាំ២០១៣។ ដោយមើលឃើញពីសារសំខាន់របស់ធនាគារនេះ នៅខែតុលា ឆ្នាំ២០១៤ ប្រទេសអាស៊ីចំនួន២១ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតធនាគារនេះ។ ភាពអស្ចារ្យរបស់ធនាគារ AIIB ត្រូវបានប្រទេសជាច្រើនមើលឃើញ និង ឈានដល់មានចំនួនសមាជិកស្ថាបនិករហូតដល់ ៥៧ប្រទេស នៅត្រឹមតែខែមេសា ឆ្នាំ២០១៥ ។ ធនាគារនេះ មានការិយាល័យកណ្តាលនៅទីក្រុងប៉េកាំង ដោយសារប្រទេសចិនមានភាគហ៊ុនធំជាងគេ ក្នុងចំណោមដើមទុនដំបូង ១០០ពាន់លានដុល្លារអាមេរិក។

ធនាគារនេះផ្តោតយកចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពផ្សេងៗទៀត ក្នុងទ្វីបអាស៊ី រួមមានវិស័យអគ្គិសនី វិស័យដឹកជញ្ជូននិងទូរគមនាគមន៍ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងកសិកម្ម វិស័យផ្គត់ផ្គង់ទឹកនិងអនាម័យ វិស័យការពារបរិស្ថាន វិស័យអភិវឌ្ឍន៍ទីក្រុងនិងឡូជីស្ទឹក និងវិស័យដទៃទៀត។ គោលបំណងរបស់ធនាគារ AIIB គឺដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បង្កើតធនធាន និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងទ្វីបអាស៊ី តាមរយៈការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពដទៃទៀត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកការអភិវឌ្ឍ តាមរយៈការធ្វើការងារក្នុងកិច្ចសហការយ៉ាងជិតស្និទជាមួយស្ថាប័នអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគីដទៃទៀត។

ធនាគារ AIIB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីបែបថ្មីនៅក្នុងសតវត្សទី២១ ដែលបានចូលរួមចំណែកជាវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសកលលោក។ ប្រទេសចិនរំពឹងទុកធ្វើការជាមួយគ្រប់ភាគី ដើម្បីគាំទ្រឱ្យធនាគារ AIIB ទទួលបានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ក្នុងន័យជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។

មកដល់​ពេលបច្ចុប្បន្ននេះ​ ធនាគារ AIIB បានអនុម័តគម្រោងចំនួន៣១៩ ជាមួយទំហំ​ ហិរញ្ញប្បទានសរុបជាង ៦០ពាន់លានដុល្លារ និងចំណាយ​ដើមទុនលើសពី​ ២០០ ពាន់លានដុល្លារអាមេរិក។ តាមរយៈគម្រោងនេះ បានផ្តល់អត្ថប្រយោជន៍ដល់សមាជិក​ចំនួន៣៨ ទាំងនៅក្នុង និងនៅក្រៅតំបន់​អាស៊ី៕