ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ អង្គការសម្ព័ន្ធពិភពឥស្លាម


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Mohammed bin Abdulkarim Al-Issa អគ្គលេខាធិការ អង្គការសម្ព័ន្ធពិភពឥស្លាម (MWL)។

ជំនួបនេះធ្វើឡើងឆ្លៀត ក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិលើកទី២ នៃមេដឹកនាំសាសនា ឆ្នាំ២០២៥ និងសន្និសីទបញ្ញវន្តអាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាមថា បន្ទាប់ពីអង្គការសម្ព័ន្ធពិភពឥស្លាម បានរៀបចំកិច្ចប្រជុំកំពូលឥស្លាមស្តីពី «ឥស្លាម និងពុទ្ធសាសនា» នៅកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅឃើញថា មានការបង្ហាញពីការគាំទ្រជាច្រើន ហើយមានមតិលើកឡើងទាំងក្នុងប្រទេស និងក្រៅប្រទេស ទាំងមេដឹកនាំសាសនា ជាច្រើនបានស្នើឲ្យទេសរដ្ឋមន្ត្រី នាំជូនអគ្គលេខាធិការស្នើសុំឲ្យពិចារណារៀបចំវេទិកានេះទៀត និងវេទិកាផ្សេងៗទៀតនៅកម្ពុជា នាពេលខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាមថា ប្រទេសកម្ពុជា មានប្រជាជនជាង ៩៣% កាន់សាសនាព្រះពុទ្ធ និង ៥% កាន់សាសនាឥស្លាម មិនធ្លាប់មានជម្លោះសាសនាឡើយក្នុងរយៈពេល រាប់រយឆ្នាំមកហើយ។ នេះដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំលឹកពីវឌ្ឍនភាពនៃសហគមន៍ឥស្លាមកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅផងដែរ និងអនុញ្ញាតឲ្យមានថ្នាក់ដឹកនាំឥស្លាមនៅតាមជួររាជរដ្ឋាភិបាល ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបានផ្តល់ភាពងាយស្រួលជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើអគ្គលេខាធិការ ពិចារណា និងពិនិត្យលទ្ធភាព ផ្តល់អាហារូបករណ៍ដល់សិស្សផ្តោតលើការរៀនមុខវិជ្ជាផ្នែក វិទ្យាសាស្ត្រ រៀនសូត្រពីជំនាញនាៗ ដែលកំពុងមានតម្រូវការចំបាច់នាពេលបច្ចុប្បន្ន ផ្ដល់អំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះ ខ្វះខាត ជនជនភៀសសឹក ដោយជួយទាំងស្រុង ដូចជាជួយតែលើការស្នាក់នៅ និងម្ហូបអាហារ ហើយបានស្នើសុំគាំទ្រផ្ដល់ជូនអ្នកក្រីក្រខ្វះខាតទៅធ្វើបុណ្យហាជ្ជី។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ពីសុខសន្តិភាព សុខដុមរមនីយកម្ម និងគ្មានការរើសអើងនៅកម្ពុជា នៅពេលដែលលោកបានធ្វើដំណើរបំពេញទស្សនកិច្ចការងារមកកម្ពុជា និងបានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំកម្ពុជា កាល ឆ្នាំ២០២២កន្លងទៅ តែលោកមានការសោកស្ដាយ ដែលកិច្ចប្រជុំកំពូលឥស្លាមស្តីពី «ឥស្លាម និងពុទ្ធសាសនា» កន្លងមកនៅកម្ពុជា គាត់ត្រូវខកខានមិនបានអញ្ជើញមកចូលរួមដោយសារបញ្ហាសុខភាព ដោយពេលនោះបានចាត់ លោកបណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី (Mohammed Said Al-Majdouie) អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាមរងជាតំណាង។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា កម្ពុជាជាប្រទេសគំរូមួយសម្រាប់បណ្តាដ៏ទៃសិក្សា និងរៀនសូត្រតាម ពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបន្តមកបច្ចុប្បន្ននាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានស្នាដៃជាច្រើនក្នុងការកសាងសន្តិភាព ប្រកបដោយប្រសិទ្ធភាព និងជាប្រទេសដែលស្រលាញ់សន្តិភាព មានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ អ្នកកាន់សាសនាទាំងអស់ទទួលបានភាពកក់ក្តៅ និងគុណតម្លៃលើសិទ្ធិនៃការរស់នៅ និងប្រតិបត្តិសាសនា។ បណ្ឌិតអគ្គលេខាធិការថា នឹងពិចារណាធ្វើកិច្ចប្រជុំកំពូលផ្សេងៗ នៅកម្ពុជា និងពិនិត្យនូវសំណូមពរទាំងឡាយផងដែរ៕