ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «លក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា»


នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋទទួលបន្ទុកយុវជន បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «លក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា» ក្នុងវគ្គពង្រឹងសមត្ថភាពយុវជនគណបក្សស្រុកបសេដ្ឋ។ វគ្គបង្កើនការយល់ដឹងនេះ មានការចូលរួមពីប្រធាន អនុប្រធានយុវជនគណបក្សស្រុក និងគណបក្សឃុំ ទាំង១៥ ដែលមានអ្នកចូលរួមសរុប ៣៥នាក់។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា យុវជនគណបក្សប្រជាជនកម្ពុជាត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស កម្មវិធីនយោបាយ សេចក្តីសម្រេចនានារបស់គណបក្ស និងខិតខំអនុវត្តឱ្យបានត្រឹមត្រូវ។ បក្សប្រជាជនបដិវត្តកម្ពុជាត្រូវបានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា សរសេរអក្សរកាត់ “ប្រ.ជ” ។ បទភ្លេង និងចំរៀងរបស់គណបក្សមានឈ្មោះថាៈ“គណបក្សប្រជាជនកម្ពុជា” ។ គោលបំណងដ៏ពិសិដ្ឋរបស់គណបក្សប្រជាជនកម្ពុជា គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សប្រកាន់យកលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់មនសិការស្នេហាជាតិ និងបើកទូលាយទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាននៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួនដោយផ្អែកលើគោលការណ៍ជាក់ស្តែងក្នុងប្រទេស និងនិន្នាការរួមនៃសកលលោក ។
យុវជនគណបក្សត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋដល់ប្រជាជន ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ចកាល ជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។ យុវជនគណបក្សអំពីប្រកាន់ខ្ជាប់ឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។
គណបក្សដឹកនាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដូចនេះយុវជនគណបក្សត្រូវគ្រប់គ្រងឱ្យបាននូវសតិអារម្មណ៍ និងភាពថ្នាំងថ្នាក់របស់យុវជនគណបក្សគ្រប់ថ្នាក់ និងគ្រប់ផ្នែកលើការចាត់តាំងនិងលើកទឹកចិត្តតាមរយៈការប្រជុំណែនាំផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ចាត់តាំងរបស់គណបក្សឱ្យបានត្រឹមត្រូវ គឺត្រូវមាន «ទស្សនៈជាក់ស្តែង ទស្សនៈប្រវត្តិសាស្ត្រ ទស្សនៈគ្រប់ជ្រុងជ្រោយ និងទស្សនៈដាច់ខាត» ព្រមទាំងគោរពលក្ខខណ្ឌគឺ «មានភាពស្មោះត្រង់ សុខភាពល្អ សមត្ថភាព និងប្រជាប្រិយ»។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតបានសូមឱ្យយុវជនទាំងអស់បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងស្មារតី មានគោលជំហរស្មោះត្រង់ និងស្រឡាញ់ជឿជាក់លើការដឹកនាំរបស់គណបក្សឥតងាករេ។ យុវជនត្រូវពង្រឹងសមត្ថភាពធ្វើការងារដោយធ្វើការបំពាក់បំប៉នជាប្រចាំនូវជំនាញគន្លឹះផ្សេងៗដើម្បីបង្កើនផលិតភាពការងារ និងបន្តបំផុសចលនាយុវជនក្នុងស្រុក ឃុំ និងភូមិទាំងអស់ដែលមិនទាន់យល់ ឬដែលមាននិន្នាការប្រឆាំងឱ្យងាកមកជឿជាក់ គាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសកម្ពុជារក្សាសុខសន្តិភាព រីកចម្រើន និងវិបុលភាពយូរអង្វែងចីរកាល៕