ឯកឧត្តម ហ៊ុន ម៉ានី៖ សូមឱ្យគ្រួសារកងទ័ពជឿជាក់លើថ្នាក់ដឹកនាំក្នុងការបញ្ចប់ជម្លោះ ដើម្បីអាចឱ្យកងទ័ពមកជួបជុំគ្រួសារ


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមឱ្យគ្រួសារកងទ័ពជឿជាក់លើថ្នាក់ដឹកនាំជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបញ្ចប់ជម្លោះទាំងស្រុងវិលត្រឡប់ទៅរកប្រក្រតីភាព ដែលនេះនឹងអនុញ្ញាតឱ្យកងទ័ពអាចវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលកំពុងរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានជម្រាបជូនក្រុមគ្រួសារកងទ័ពនូវកិច្ចការនានាដែលថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បាន និងកំពុងដឹកនាំធ្វើប្រកបដោយការអត់ធ្មត់ខ្ពស់ ចៀសវាងនាំមកនូវការប៉ះទង្គិចសារជាថ្មី និងដើម្បីនាំមកនូវដំណោះស្រាយបញ្ចប់បញ្ហាទាំងស្រុងដោយសន្តិវិធី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវសូមជឿជាក់មកលើរាជរដ្ឋាភិបាល និងអត់ធ្មត់ជាមួយគ្នា ក្នុងការស្វែងរកវិធីសាស្ត្រទាំងការចរចា ទាំងទំនាក់ទំនងការទូត និងកិច្ចការផ្លូវច្បាប់នានា ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហានៃជម្លោះនេះ បានបញ្ចប់ទាំងស្រុងប្រកបដោយសន្តិវិធី ជៀសវាងការប្រយុទ្ធ ឬការផ្ទុះសង្គ្រាមដែលធ្វើឱ្យខូចខាត និងប៉ះពាល់អាយុជីវិតទាំងសងខាង ហើយនេះក៏ដើម្បីឱ្យកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានត្រឡប់ជួបជុំក្រុមគ្រួសារដូចស្ថានភាពដើមវិញ។

សូមជម្រាបថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងនាំយកការសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតជូនក្រុមគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ប្រមាណ៧០០គ្រួសារ៕