ជំនន់ទឹកភ្លៀងកំពុងបង្កការប៉ះពាល់ដល់ខេត្តចំនួនបី និងប្រជាជន​ជិត៧០០គ្រួសារ


ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥​បន្ទាប់ពី​ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឱ្យមានជំនន់​ទឹកភ្លៀង បង្កផលប៉ះ​ពាល់ដល់ខេត្ត​ចំនួនបី និងប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ ព្រមទាំង​ប៉ះពាល់​ផល​ដំណាំ​កសិកម្មជិត ២០០ហិកតា។

ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយបានប្រាប់បណ្ដាញព័ត៌មាន​កាលពីព្រឹកថ្ងៃទី២ ខែកញ្ញាថា ភ្លៀង​ធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញាមកបង្កឱ្យ​កើតជំនន់​ទឹកភ្លៀងបង្កផលប៉ះពាល់ខេត្តចំនួនបី ,ប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត៧០០​គ្រួសារ។ក្នុងនេះ៖ ទី១.ខេត្តបាត់ដំបង ប៉ះពាល់ស្រុកចំនួនមួយ គឺ​ស្រុកសំឡូត ស្មើនឹងបួនឃុំ , ប៉ះពាល់ចំនួន ២៦គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំ​ចំនួន ១៨.៥ ហិកតា។ទី២. ខេត្តសៀមរាប ប៉ះពាល់ស្រុកចំនួនបួន ស្មើនឹង១៣ឃុំ ,ប៉ះពាល់ ៤១៥ គ្រួសារនិង ប៉ះពាល់ផ្ទះ ៤១៥ខ្នង។ ចំណែកខេត្តទី៣ ជាខេត្តជាប់ដងទន្លេមេគង្គ គឺខេត្តក្រចេះ ប៉ះពាល់ពីរស្រុក ស្មើនឹង២ឃុំ, ប៉ះពាល់​ប្រជាពលរដ្ឋ២២៤គ្រួសារនិង ប៉ះពាល់ដំណាំកសិកម្មចំនួន ១៦៩ហិកតា។

នៅខេត្ដបាត់ដំ​បងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបង បានបញ្ជាក់ថា កម្ពស់ទឹកស្ទឹង​សង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្ន តែនឹងស្រកចុះវិញឆាប់ៗ​នេះបើផ្នែក​ខាង​លើមិនមានភ្លៀងបន្ថែម។សូមប្រជាពលរដ្ឋនៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំប្រុងប្រយ័ត្នខ្ពស់។

ដោយឡែកព្រឹត្តិបត្រព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសចេញផ្សាយដោយក្រសួងធនធានទឹកសម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ៖

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជា​ណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិស​បស្ចិមមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប់ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាលតាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់​កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ខ្យល់បក់មកពីទិសបស្ចិម និង​ទិសពាយ័ព្យមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិនឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រង់ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់​លើផ្ទៃដី៤៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕