ឯកឧត្តម ជា ធីរីទ្ធ៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, មេដឹកនាំវៀតណាម គាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ


ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងបញ្ជាក់ថា ក្នុងជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជាមួយមេដឹកនាំវៀតណាម, មេដឹកនាំវៀតណាមបានគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

ការថ្លែងរបស់មេដឹកនាំវៀតណាម បានធ្វើឡើងនាឱកាសដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងពីគោលដៅសំខាន់២ របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយកម្ពុជាទទួលបានសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ គឺ (១) ប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិ ឱ្យទៅជាទីផ្សារ និង (២) ប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយគ្នា។

ក្នុងជំនួបជាមួយអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ឯកឧត្តម តូ ឡឹម, សម្ដេចតេជោ បង្ហាញពីការសោកស្ដាយចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានកើតឡើង ហើយសម្ដេចតេជោ បានបញ្ជាក់ទៅមេដឹកនាំវៀតណាមថា «ចាត់ទុកវាជាសុបិនដ៏អាក្រក់មួយទៅចុះរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ហើយសង្ឃឹមថាស្ថានភាពប្រទេសទាំងពីរ នឹងត្រឡប់មកប្រក្រតីភាពឡើងវិញ»។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា​ ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ពីការលើកឡើងរបស់មេដឹកនាំវៀតណាមថា ភាគីវៀតណាម នៅតែប្រកាន់ជំហរគាំទ្រឱ្យមានបទឈប់បាញ់ រក្សាបាននូវបទឈប់បាញ់ដ៏ល្អប្រសើរ ដើម្បីជៀសវាងនូវការផ្ទុះអាវុធឡើងវិញ។ លោកបានបន្តថា ជាជំហររបស់វៀតណាមដដែល គឺវៀតណាម ចង់ឃើញភាគីទាំងពីរវិលមករកប្រក្រតីភាពឡើងវិញ និងដោះស្រាយបញ្ហាដោយសន្ដិវិធី និងឈរលើច្បាប់អន្តរជាតិ។

សូមជម្រាបផងដែរថា ក្នុងជំនួបជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន, នាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជាជាមិត្តដ៏ល្អរបស់វៀតណាម មិនថាស្ថិតនៅក្នុងកាលៈទេសៈណាដ៏ដោយ»