ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមវេទិកាស្ដីពីផែនការវិនិយោគលើការបន្សាំនឹងអាកាសធាតុ (CAIP) នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន


នៅថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងវេទិកាស្ដីពីផែនការវិនិយោគលើការបន្សាំនឹងអាកាសធាតុ (Climate Adaptation Investment Planning _CAIP) នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចប្រជុំនេះមានសារសំខាន់ណាស់សម្រាប់ការរៀបចំផែនការវិនិយោគលើការបន្សាំនឹងអាកាសធាតុ ហើយដែលជាឱកាសសម្រាប់បង្ហាញទៅដៃគូអភិវឌ្ឍន៍ឱ្យយល់ពីតម្រូវការក្នុងវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទបង្ហាញនូវកិច្ចការជាច្រើនដែលក្រសួងធនធានទឹក និងឧតុនិយមសម្រេចបាន និងកំពុងបន្តអនុវត្ត ជាពិសេស បានបង្ហាញដល់ធនាគាអភិវឌ្ឍន៍អាស៊ី និងតំណាងពីប្រទេសនានា អំពីអ្វីដែលកម្ពុជាត្រូវការក្នុងរយៈពេលខ្លី មធ្យម វែង សម្រាប់អភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមទៅថ្ងៃអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Executive Board) ពីផែនការចាំបាច់សម្រាប់ការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយម ព្រមទាំងកំណត់នូវបញ្ហាជាគន្លឹះ ដើម្បីរួមគ្នាដោះស្រាយ៕