ឯកឧត្តមបណ្ឌិត សុខ ទូច ប្រកាសស្វាគមន៍អ្នកស្រាវជ្រាវឱ្យរួមគ្នាផលិតដបទឹក ធ្វើចេញពីដំឡូងមី ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់បរិស្ថាន


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យភាកម្ពុជា បានប្រកាសស្វាគមន៍ដល់អ្នកជំនាញទាំងអស់ មករួមគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការសិក្សាស្រាវជ្រាវផលិតដបទឹក​ ធ្វើចេញពីដំឡូងមី ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់បរិស្ថាន និងបញ្ចៀសក្តីឈឺចាប់ដល់អ្នកជំនាន់ក្រោយ ដែលបង្កឡើងដោយកំហឹងរបស់ធម្មជាតិ។

ការប្រកាសបើកបេះដូងចំហររបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តមបណ្ឌិតបានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី «គំនិតផ្ដួចផ្ដើមសាលារៀនទឹកភ្លៀង រួមនឹងការកសាងគំនិតថ្មី នៃវប្បធម៌ អាកាសធាតុ រវាងខ្មែរ-កូរ៉េ (KK-CC): សំណើសុំឱ្យមានកម្មវិធីទិវាទឹកភ្លៀងនៅក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ» ដែលសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា, រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបណ្ឌិត សុខ ទូច បានលើកឡើងថា សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រើប្រាស់ដងដាក់ទឹកដែលផលិតចេញពីអាលុយមីញ៉ូម ឬវត្ថុធាតុដើមដែលអាចប្រើប្រាស់បានច្រើនដង និងអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសូមកុំប្រើប្រាស់ប្លាស្ទិក ព្រមទាំងបោះចោលពាសវាលពាសកាលឱ្យសោះ ពីព្រោះប្លាស្ទិកវាបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ និងបំផ្លាញបរិស្ថាននៅលើភពដែនដី។

ឯកឧត្តមបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា៖ «កាលពីខ្ញុំទៅដល់ប្រទេសចិន ប៉ុន្មានថ្ងៃមុន គេបានសិក្សាហើយដបទឹកធ្វើចេញអំពីដំឡូងមី អ៊ឹចឹងកាលណាយើងបោះចោលទៅលើដី ១ឆ្នាំក្រោយមកដបទឹកនេះវានឹងរលាយ វាអត់ប៉ះពាល់បរិស្ថាននោះទេ។ អ៊ឹចឹងយើងនឹងរួមកិច្ចសហប្រតិបត្តិការធ្វើលើកិច្ចការងារហ្នឹង ពីព្រោះយើងមានដំឡូងមីច្រើន រាជបណ្ឌិត្យសភាកម្ពុជា បើកចំហរបេះដូង ទទួលស្វាគមន៍»

ឯកឧត្តមបណ្ឌិត សុខ ទូច បានបន្តថា រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាស្រាវជ្រាវសម្ភារៈ គឺធ្វើឡើងដើម្បីជីវិតមនុស្ស ដើម្បីធម្មជាតិ ដើម្បីពិភពលោក ធ្វើដើម្បីភាពញញឹម និងដើម្បីសុខភាពរបស់មនុស្ស មានសុខភាព គឺមានអ្វីៗទាំងអស់ បើយើងមិនរួមគ្នានោះទេ វានឹងធ្វើឱ្យមនុស្សទាំងអស់មានតែដំណក់ទឹកភ្នែកដោយសារតែកំហឹងរបស់ធម្មជាតិ។

ឯកឧត្តមបណ្ឌិត សុខ ទូច បានឱ្យដឹងថា ចំពោះដំណក់ទឹកភ្នែករបស់មនុស្សទូទាំងពិភពលោក គឺកើតចេញពីសកម្មភាពរបស់មនុស្ស ដែលបានបំផ្លាញធម្មជាតិ ព្រោះតែផលប្រយោជន៍ ដោយមិនបានគិតដល់មនុស្សជំនាន់ក្រោយ មនុស្សកើតចាស់ ឈឺស្លាប់គ្មាននរណាម្នាក់មានជីវិតអមតកនោះទេ។ ប៉ុន្តែ អ្នកបន្តវេនគឺជាឈាមរបស់យើងទាំងអស់គ្នា ត្រង់ចំណុចនេះសូមអ្នកជំនាន់មុនត្រូវរួមគ្នា ដើម្បីបន្សល់នូវភាពកក់ក្តៅដល់កូនចៅ តជំនាន់របស់យើងឱ្យមានអស្ចារ្យ និងសម្បូរបែប។

បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។ ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែកការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរ ឱ្យប្រជាពលរដ្ឋមានការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងនោះការអនុវត្តវិធី៤R ជាចាំបាច់ គឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើប្លាស្ទិកតែ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ៕