នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិបានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីរបាយការណ៍អង្កេត នៃនវានុវត្តន៍ខេត្តស្វាយរៀង
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំពីស្ថានភាពរួម និងវឌ្ឍនភាពការងារអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងក្នុងនោះតាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយនានា បានធ្វើឲ្យប្រទេស ជាតិនិយាយជារួម និងខេត្តស្វាយរៀងយើងខ្ញុំនិយាយដោយឡែក មានការអភិវឌ្ឍរីកចម្រើន ឈានឡើង គួរជាទីមោទនៈ ។ ជាក់ស្តែងមិនខុសពីបណ្តារាជធានី ខេត្តផ្សេងទៀត នៅទូទាំង ប្រទេស ដោយផ្អែកលើមូលដ្ឋាន នៃក្របខ័ណ្ឌគោលនយោបាយនានា យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល រួមនិងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយភាព បុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងមន្ទីរ- អង្គភាពពាក់ព័ន្ធ បានធ្វើឲ្យខេត្តស្វាយរៀងមានការអភិវឌ្ឍរីកចម្រើនស្ទើរលើគ្រប់វិស័យ ។
ឯកឧត្តមបន្តថា ជាការពិតណាស់វិស័យវិនិយោគឯកជន អាស្រ័យដោយកត្តាសុខសន្តិភាពដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងសន្តិសុខ សុវត្ថិភាពល្អប្រសើរ ដែលខេត្តសម្រេចបាន ជាមួយនិងការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ កៀរគរ និងលើកទឹកចិត្តអ្នកវិនិយោគពីបរទេស មកវិនិយោគផ្ទាល់នៅក្នុងប្រទេស បានទាក់ ទាញអ្នកវិនិយោគមកបណ្តាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសក្នុងខេត្ត មានការកើនឡើងជាលំដាប់ ដែលរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តមបន្ថែមទៀតថា នៅទូទាំងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ច ពិសេស ចំនួន ១៣កន្លែង ក្នុងនោះកំពុងដំណើរការ ចំនួន ១២កន្លែង (ច្រើនជាងគេនៅទូទាំង ប្រទេស) មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ១.០៥២កន្លែង និងមានសហគ្រាស ធុនតូច ធុនមធ្យម និងសិប្បកម្ម សរុប ២.៦២៦មូលដ្ឋាន ផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋ ចំនួន ១៣៥.២៥៥នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែល្អប្រសើរឡើង ។




























