ថ្ងៃកាន់បិណ្ឌវេនទី១ អភិបាលខេត្តតាកែវ ឧទ្ទិសកុសលដល់វីរកងទ័ព ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី


នៅក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តតុំ ដែលស្ថិតនៅក្នុងសង្កាត់រកា ក្រៅក្រុងដូនកែវ នៅព្រឹកថ្ងៃច័ន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាងអភិបាលខេត្តតាកែវ បានធ្វើការបួងសួង និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលពលីជីវិតនៅសមរភូមិមុខ នាពេលថ្មីៗនេះ ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ។

ថ្លែនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ដែលបានចូលរួមនៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទីមួយ ឯកឧត្តមអភិបាលខេត្តតាកែវបានលើកឡើងពីការដឹងគុណចំពោះវីរៈកងទ័ពដែលបានបាត់បង់ជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ការពារទឹកដីប្រយុទ្ធជាមួយសត្រូវឈ្លានពានរហូតបាត់បង់អាយុជីវិត។ ពលីកម្មដ៏អង់អាវក្លាហាននេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានការស្ងប់ស្ងាត់ និងចងចាំជានិច្ចចំពោះគុណបំណាច់ដ៏ធំធេងរបស់បងប្អូន វីរកងទ័ពពលីរបស់យើង។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ នៅតែបន្តរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល ផ្សាភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ ពិសេសវីរកងទ័ពរបស់យើង ដែលកំពុងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុតជូនជាតិមាតុភូមិ៕