សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្មហ្វីលីពីន ស្ថានទូតហ្វីលីពីន និងសភាពាណិជ្ជកហ្វីលីពីននៅកម្ពុជា រៀបចំដោយជោគជ័យ កិច្ចពិភាក្សាតុមូល «ប្រធាននាយកប្រតិបត្តិហ្វីលីពីន-កម្ពុជា»


សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងសភាពាណិជ្ជកហ្វីលីពីននៅកម្ពុជា បានរៀបចំដោយជោគជ័យនូវ កិច្ចពិភាក្សាតុមូលប្រធាននាយកប្រតិបត្តិហ្វីលីពីន-កម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគាររ៉ាហ្វិលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកមកកាន់កម្ពុជា។ កិច្ចពិភាក្សាតុមូលនេះ ប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីជជែកពិភាក្សាលើការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងសុន្ទរកថា ដោយបង្ហាញពីជំនឿទុកចិត្តលើទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីសក្តានុពលរបស់កម្ពុជា ដែលជាប្រភពផ្គត់ផ្គង់ដ៏មានស្ថិរភាពនូវ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ទៅកាន់ទីផ្សារហ្វីលីពីន រួមចំណែកទ្រទ្រង់សន្តិសុខស្បៀងហ្វីលីពីន។ អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ផងដែរថា កម្ពុជាគឺជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ដោយសារបរិយាកាសអំណោយផលដល់ធុរកិច្ច ស្ថិរភាពនយោបាយ និងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយភាពស្វាហាប់។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)រវាងកម្ពុជានិងហ្វីលីពីន ដែលទើបនឹងចុះហត្ថលេខាថ្មីៗនេះ នឹងជួយលុបបំបាត់របាំងសារពើពន្ធ និងបង្កើតក្របខ័ណ្ឌច្បាស់លាស់សម្រាប់ការវិនិយោគឆ្លងដែន។

ក្នុងឱកាសនៃកិច្ចពិភាក្សាតុមូលនេះ ក៏មានការសុន្ទរកថាស្វាគមន៍ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីនផងដែរ បន្ទាប់មកក៏មាន ការធ្វើបទអន្តរាគមន៍ដោយក្រុមហ៊ុនកម្ពុជា និងហ្វីលីពីន។

សូមបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើជាគណៈអធិបតីនៃកម្មវិធីផ្លាស់ប្តូរអនុស្សារៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មហ្វីលីពីននៅកម្ពុជា រួមនិង អនុស្សរណៈយោគយល់ និង សំណើសហប្រតិបត្តិការ (Letter of Intent)រវាងស្ថាប័ននិងក្រុមហ៊ុនប្រទេសទាំងពីរ រួមមាន៖
១៖ កិច្ចព្រមព្រៀងសេវាកម្មភស្តុភារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់
២៖ អនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការវិស័យអប់រំ និងអភិវឌ្ឍន៍អចលនទ្រព្យ
និង៣៖ កិច្ចព្រមព្រៀងវិស័យម្ហូបអាហារ និងការចែកចាយផលិតផល។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សាតុមូល លោកប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់មតិណែនាំទៅកាន់ធុរជនប្រទេសទាំងពីរ។

កិច្ចពិភាក្សាតុមូលនេះ គឺជាវេទិកាដ៏សំខាន់មួយរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងអំពីភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដោយបង្កើតនូវបរិយាកាសអំណោយផលដល់ការវិនិយោគ និងពង្រឹងគោលដៅរួមក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី៕