លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានសម្លឹងឃើញឱកាសនៅក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរូបវិទ្យា តាមរយៈការបើកមន្ទីរពិសោធន៍ ដើម្បីឲ្យយុវជន និងនិស្សិតកម្ពុជាពង្រីកខ្លួន និងបង្កើនសមត្ថភាពបន្ថែម។
ការលើកឡើងនេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោបានសម្ដែងនូវក្ដីរីករាយ និងលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS និងសហការី ហើយសង្ឃឹមថា វត្តមានរបស់លោកសាស្ត្រាចារ្យបណ្ឌិត នៅកម្ពុជា នឹងជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យា ក៏ដូចជា វិទ្យសាស្រ្តនៅកម្ពុជាបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលផ្នែករូបវិទ្យា បានសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោក និងសហាការី បានជួបសម្ដែងការគួរសម។ លោកបានលើកឡើងថា នេះគឺជាលើកទី១សម្រាប់លោកដែលបានអញ្ជើញមកកាន់កម្ពុជា ហើយបានឃើញពីភាពរីកចម្រើន។
បើតាមលោកសាស្ត្រាចារ្យបណ្ឌិត លោកធ្លាប់តែបានដឹងពីសាវតាប្រវត្តិរបស់ប្រទេសកម្ពុជា ដែលធ្លាប់បែកបាក់ ធ្លាប់បានធ្លាក់ក្នុងសង្រ្គាម។ ក្នុងឱកាសនោះ លោកបាននិយាយចំពោះមុខសម្ដេចតេជោថា មិនគួរឲ្យជឿសោះតាមរយៈការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយនាំកម្ពុជាឲ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ច ដែលឃើញពីភាពរីកចម្រើននៅពេលបច្ចុប្បន្ននេះ។
លោកសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងថា កម្ពុជានៅពេលបច្ចុប្បន្ន តាមរយៈប៉ុន្មានថ្ងៃដែលលោកបានបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកបានឃើញពីសក្ដានុពលនៃយុវជនរបស់កម្ពុជា ដែលមានសមត្ថភាព ហើយក្នុងបេសកកម្ម របស់លោក និងសហការីនៅកម្ពុជា នាពេលនេះ នឹងស្វែងរកយុវជន និងនិស្សិតកម្ពុជាដែលមានសមត្ថភាពផ្នែករូបវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបណ្ដុះបណ្ដាលបន្ថែមឲ្យក្លាយជាធនធានមួយដ៏ពូកែ នៅក្នុងផ្នែករូបវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោកសាស្ត្រាចារ្យបណ្ឌិត បានបញ្ជាក់ប្រាប់សម្ដេចតេជោថា លោកសាស្ត្រាចារ្យបណ្ឌិតមានគម្រោងនឹងរៀបចំមណ្ឌលមន្ទីរពិសោធន៍បន្ថែមទៀត ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាដែលមានសម្ត្ថភាព អាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងដែល លោកសាស្ត្រាចារ្យបណ្ឌិតម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលផ្នែករូបវិទ្យា បានសម្លឹងឃើញឱកាសនៅកម្ពុជា ហើយមានផែនការក្នុងការបណ្ដុះបណ្ដាល យុវជន និងនិស្សិតកម្ពុជាដែលមានសមត្ថភាពឲ្យកាន់តែយល់ដឹងស៊ីជម្រៅពូកែនៅក្នុងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ជាពិសេសគឺរូបវិទ្យានេះ។
សម្ដេចតេជោ បានលើកឡើងទៀតថា យុវជន និងនិស្សិតកម្ពុជា នាពេលបច្ចុប្បន្នមានសមត្ថភាពគួរឲ្យកត់សម្គាល់ដែលពួកគេបានរីកចម្រើន និងខិតខំក្នុងការលុតដំខ្លួន តាមរយៈគម្រោងរបស់ម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលផ្នែករូបវិទ្យា បន្ថែមទៀតនឹងក្លាយជាក្ដីសង្ឃឹមបន្ថែម ក្នុងការពង្រីកផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ជាពិសេសគឺរូបវិទ្យា នៅក្នុងកម្ពុជាឲ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកសាស្ត្រាចារ្យបណ្ឌិតឲ្យប្រឹងប្រែងធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឲ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពក្នុងផ្នែកទាំងនេះឲ្យកាន់តែច្រើន។
ក្រៅពីការជជែកគ្នាអំពី ការអភិវឌ្ឍផ្នែកវិទ្យសាស្រ្ត, នាឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលផ្នែករូបវិទ្យា បានសួរទៅកាន់សម្ដេចតេជោថា តើសម្ដេចតេជោមានយុទ្ធសាស្រ្តអ្វី? និងចក្ខុវិស័យអ្វីបានជាសម្ដេចតេជោ អាចដឹកនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតក្លាយជាប្រទេសដែលមានសន្តិភាព និងការឯកភាជាតិតែមួយ។
ថ្លែងក្នុងជំនួប សម្ដេចតេជោ បានរីករាយនៅក្នុងការបកស្រាយពន្យល់អំពី សារបាននៃការតស៊ូរបស់សម្ដេច និងការដាក់ចេញនូវយុទ្ធសាស្រ្តជាបន្តបន្ទាប់ ដើម្បីសម្រេចផែនការធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសន្តិភាព នៅឆ្នាំ១៩៩៨ ជាពិសេសទាក់ទងជាមួយនយោបាយឈ្នះ ឈ្នះ ដែលសម្ដេចតេជោបានដាក់ចេញកាលពី២៦ឆ្នាំមុន។ បន្ថែមពីនេះគឺការអផិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលកម្ពុជាមានសន្តិភាពហើយ។ នេះជាខ្លឹមសារសង្ខេបដែលសម្ដេចតេជោពន្យល់។
លោកសាស្ត្រាចារ្យបណ្ឌិត ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលផ្នែករូបវិទ្យា បានចាប់អារម្មណ៍ចំពោះយុទ្ធសាស្រ្ត នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោដែលលោកនឹងយកទ្រឹស្ដីនេះទៅអនុវត្ត និងជជែកបន្ថែមទៀតដល់និស្សិតកម្ពុជា និងនិស្សិតផ្សេងៗទៀតដែលលោកនឹងជួបដើម្បីធ្វើបាឋកថារ នាពេលខាងមុខ៕