ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំមន្រ្ដីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទចំនួន ៤ទីតាំង និងគ្រោងស្ថាបនាជាផ្លូវក្រាលកៅស៊ូចំនួន ០១ខ្សែ នៅក្នុងខេត្តកំពង់ធំ


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោករដ្ឋលេខាធិការប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទចំនួន ០៤ទីតាំង និងខ្សែផ្លូវមួយខ្សែ ដែលគ្រោងស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ នៅក្នុងខេត្តកំពង់ធំ។

សូមជម្រាបដែថា សម្រាប់កន្លែងដែលចុះពិនិត្យរួមមាន៖ *ទីតាំងទី១៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន ៤កន្លែង ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ។ ផ្លូវ១ខ្សែនេះ ស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ សម្រេចវឌ្ឍនភាព ៩៥%។ ខ្សែផ្លូវមានប្រជាជនទទួលផលចំនួន ៣ ៣២៨គ្រួសារ ស្មើនឹង ១២ ៦៩៣នាក់ ។
*ទីតាំងទី២៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុង ១កន្លែង មានបណ្ដោយប្រវែង ១៤៤ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ និងមានការសាងសង់ផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែង ៣០០ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន តភ្ជាប់ពីភូមិបឹងខ្វែក ឃុំស្រើង ទៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ។ ស្ពានមួយកន្លែងនេះចាប់ផ្ដើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ គិតត្រឹមដើមខែកញ្ញានេះសម្រេចលទ្ធផលបាន ៩៥% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥។ ស្ពាននេះ មានប្រជាពលរដ្ឋដែលទទួលផលចំនួន ៤ ០០៨គ្រួសារ ស្មើនឹង ១៦ ៦០៣៣នាក់ ។

*ទីតាំងទី៣៖ ខ្សែផ្លូវ «រមាំងងាប់-អូររំដេង» កំពុងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)មានប្រវែង ៩,៦០០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ២៦%។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៦៨៨គ្រួសារ ស្មើនឹង ២ ៩០៩នាក់ និងប្រយោល ចំនួន ២ ០៩៤គ្រួសារ ស្មើនឹង ៩ ០៦៨នាក់។

*ទីតាំងទី៤៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវល្បាយដីក្រហម ១ខ្សែ មានប្រវែង ១,៦០គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ទៅដល់ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយបានបញ្ចប់ការសាងសង់ ១០០%ហើយ។

*និងទីតាំងទី៥៖ អញ្ជើញពិនិត្យស្ថានភាពខ្សែផ្លូវ១ខ្សែ ដែលជាសំណើរបស់រដ្ឋបាលខេត្តកំពង់ធំ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលខ្សែផ្លូវនេះមានប្រវែង ៤,៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងថ្ម ទៅដល់ភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខ្សែផ្លូវនេះជាខ្សែផ្លូវយុទ្ធសាស្ត្រមួយ ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំង សម្រាប់បម្រើជូនដល់ប្រជាជនរស់នៅជុំវិញតំបន់នោះ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់តែម្តង ពីព្រោះខ្សែនេះប្រើប្រាស់សម្រាប់តភ្ជាប់ពីផ្លូវជាតិ ចូលក្នុងតំបន់សេដ្ឋកិច្ចដែលជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងខេត្តកំពង់ធំ។ នាឱកាសនៃការអញ្ជើញពិនិត្យខ្សែផ្លូវមួយខ្សែនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំមន្ទីអភិវឌ្ឍន៍ខេត្តសិក្សាលម្អិត និងពិនិត្យលទ្ធភាពដាក់បញ្ជូលក្នុងផែនការអនុវត្តបន្ត៕