ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន។
ក្នុងនោះ ក៏បានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកស្នងការនគរបាលរាជធានី-ខេត្ត និងមន្ទីរ-អង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបពីសមិទ្ធផលនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងគ្រប់ស្ថាប័ន ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងខេត្តសៀមរាប។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនចាប់ពីពេលនេះតទៅ៕