ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា៖ កំណែទម្រង់ប្រព័ន្ធអត្រាពន្ធលើទំនិញ និងសេវាកម្ម (GST)របស់ឥណ្ឌាគឺ ដើម្បីភាពរុងរឿង និងការផ្លាស់ប្តូរសេដ្ឋកិច្ចរួម


(ភ្នំពេញ)៖ ឯកឧត្តម Vanlalvawna Bawiltung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា កំណែទម្រង់ប្រព័ន្ធអត្រាពន្ធលើទំនិញ និងសេវាកម្ម (GST)របស់ឥណ្ឌាគឺ ដើម្បីភាពរុងរឿង និងការផ្លាស់ប្តូរសេដ្ឋកិច្ចរួម ជាពិសេសកំណែទម្រង់ប្រពន្ធអត្រាពន្ធ GST នៅក្នុងប្រទេសឥណ្ឌា នឹងផ្តល់ឱកាសដល់ធុរកិច្ចកម្ពុជា ដែលមានបំណងចូលក្នុងទីផ្សារឥណ្ឌា ក៏ដូចជាអ្នកដែលស្វែងរកឱកាសវិនិយោគក្នុងប្រទេសឥណ្ឌ។

ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពី ការប្រកាសរបស់នាយករដ្ឋមន្រ្តីឥណ្ឌាឯកឧត្តម Narendra Modi អំឡុងពេលពិធីបុណ្យឯករាជ្យលើកទី 79 នៃសាធារណរដ្ឋឥណ្ឌានៅថ្ងៃទី 15 ខែសីហាឆ្នាំ 2025។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នាឱកាសនោះ រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញនូវកំណែទម្រង់សំខាន់ៗនៅក្នុងពន្ធទំនិញ និងសេវាកម្ម (GST) កាលពីសប្តាហ៍មុន។ រដ្ឋាភិបាលឥណ្ឌា នឹងនាំមកនូវកំណែទម្រង់ GST ជំនាន់ក្រោយ ដែលនឹងកាត់បន្ថយបន្ទុកពន្ធលើពលរដ្ឋទូទៅ។

បើតាមឯកឧត្តមនាយករដ្ឋមន្ត្រី Modi, កំណែទម្រង់នេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋទូទៅ កសិករ សហគ្រាសធុនតូច និងមធ្យម ស្ត្រី យុវជន និងគ្រួសារវណ្ណៈកណ្តាល ខណៈដែលកំពុងតែមានការពង្រឹង កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ឥណ្ឌា។ ប្រព័ន្ធ GST ដែលត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ2017 បន្ទាប់មកគឺជា ជំហានបដិវត្តន៍មួយក្នុងការទទួលយកទិដ្ឋភាពសារពើពន្ធរបស់ឥណ្ឌាទៅកាន់ កម្រិតថ្មីមួយទៀត ដោយរួមបញ្ចូលរដ្ឋផ្សេងៗ និងពន្ធរដ្ឋាភិបាលកណ្តាល ដោយបំពេញគោលបំណងសំខាន់នៃ “ជាតិសាសន៍តែមួយ”។

ឯកឧត្តមនាយករដ្ឋមន្ត្រី Modi បន្តថា កំណែទម្រង់ពន្ធដារចុងក្រោយបង្អស់របស់ប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់ថាជា GST 2.0 គឺជាកំណែទម្រង់ជំនាន់ក្រោយដែលផ្តោតជាចម្បងលើការផ្តល់ការសង្គ្រោះដែលផ្តោតលើ ពលរដ្ឋ ហើយវាបានកាត់បន្ថយបន្ទុកពន្ធដារលើប្រជាពលរដ្ឋទូទៅ ក្រៅពីការសម្រួលច្បាប់គ្រប់គ្រងការបង់ពន្ធនៅក្នុងប្រទេសឥណ្ឌា។ វាក៏ត្រូវបានគេរំពឹងថានឹងផ្តល់ជាកម្លាំងចលករណ៍យ៉ាងខ្លាំងក្លា
ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាទាំងមូល ដោយសារការចូលប្រើប្រាស់ទំនិញ និង សេវាកម្មកាន់តែងាយស្រួលនឹងជំរុញការប្រើប្រាស់ ហើយដោយហេតុនេះអាចបន្សាបអតិផរណា និង ជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងន័យនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី Modi បានអះអាងថា កំណែទម្រង់ប្រព័ន្ធ GST បានផ្តល់សនិទានភាពបន្ថែមទៀតដល់រចនាសម្ព័ន្ធពន្ធដាររបស់ឥណ្ឌា ដែលនាំមកនូវភាពសាមញ្ញ និងបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធផងដែរ។ កំណែទម្រង់នេះក៏នឹងដកចេញនូវភាពស្មុគស្មាញមួយចំនួនដែលមាននៅក្នុងប្រព័ន្ធ GST ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ 2017 ដោយមានការសម្រួលដល់ការចាត់ថ្នាក់ផលិតផល និងនាំមកនូវភាពច្បាស់លាស់បន្ថែមទៀតចំពោះអត្រាពន្ធ។ មកដល់ចំណុចនេះ រដ្ឋាភិបាលបានសម្រេចកាត់បន្ថយចំនួនបន្ទះដែលមានស្រាប់ ពី ០%, ៥%, ១២%, ១៨% និង ២៨% មកនៅត្រឹម ២ បន្ទះធំៗ គឺ ៥% និង ១៨% ប៉ុណ្ណោះ។ លើសពីនេះ វាត្រូវបានកំណត់នូវអត្រាដកគុណតម្លៃ 40% សម្រាប់ទំនិញប្រណីត និងទំនិញដទៃទៀតដូចជា ថ្នាំជក់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ បន្ទះនេះនឹងប៉ះពាល់ដល់ទំនិញមួយចំនួនតូច ប៉ុណ្ណោះ។ ប្រព័ន្ធ GST ដែលបានកែប្រែនឹងចូលជាធរមានចាប់ពីថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2025។

នាយករដ្ឋមន្រ្តីឥណ្ឌាឯកឧត្តម Narendra Modi លើកឡើងថា ការកំណែទម្រង់ប្រព័ន្ធ GST ផ្អែកលើបទពិសោធន៍ដែលទទួលបានពីការអនុវត្តប្រកបដោយជោគជ័យនៃការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ GST របស់ឥណ្ឌាក្នុងរយៈពេល 8 ឆ្នាំកន្លងមក។ ក្រៅពីពង្រីកមូលដ្ឋានពន្ធ កំណែទម្រង់នឹងផ្តល់សិទ្ធិដល់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនផលិត ជួសជុល ការកែសម្រួលរចនាសម្ព័ន្ធពន្ធបែបបញ្ច្រាស និងគាំទ្រដល់គំនិតផ្តួចផ្តើម ការផលិតក្នុងស្រុក (Make in India) របស់រដ្ឋាភិបាល។ វាក៏នឹងនាំមកនូវការប្រើប្រាស់បច្ចេកវិទ្យា IT ថ្មី ដើម្បីសម្រួលដល់ការចុះឈ្មោះ និងការទូទាត់សងប្រាក់វិញ ព្រមទាំងដាក់ចេញនូវការកាត់បន្ថយហានិភ័យដែលប្រើប្រាស់ដោយបច្ចេកវិទ្យា AI ផងដែរ។

នៅក្រោមប្រព័ន្ធថ្មីនេះ GST សម្រាប់ទំនិញអាហារប្រចាំថ្ងៃជាមូលដ្ឋានដូចជានំប៉័ង និងផលិតផលឥណ្ឌាដូចជាទឹកដោះគោ HTST និង ឈីសដែលខ្ចប់រួច(ឈីសឥណ្ឌា) ត្រូវបាន កាត់បន្ថយមកត្រឹម 0%។ ទំនិញផ្សេងទៀតដូចជាអាហារខ្ចប់ ប៉ាស្តា កាហ្វេជាដើម ត្រូវបានកាត់បន្ថយពី 12% ឬ 18% មក 5% ហើយទំនិញប្រើប្រាស់ក្នុងផ្ទះដូចជា សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក និង តុហារ ក៏ត្រូវបានចាត់ថ្នាក់នៅក្រោម 5% ផងដែរ។ ការកាត់បន្ថយអត្រាពន្ធ GST ក្នុងវិស័យកសិកម្មនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករ តាមរយៈការលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការពឹងផ្អែកលើ ការនាំចូល។ ប្រព័ន្ធ GST លើផលិតផលដូចជាត្រាក់ទ័រ និងគ្រឿងបន្លាស់របស់វាត្រូវបានកាត់បន្ថយពី 12% ឬ 18% ទៅ 5% ក៏ដូចជាលើឧបករណ៍ប្រើប្រាស់សម្រាប់សកម្មភាពកសិកម្មផងដែរ។ នេះបើតាមការបញ្ជាក់របស់ នាយករដ្ឋមន្រ្តីឥណ្ឌាឯកឧត្តម Narendra Modi។

លើសពីនេះ ការកាត់បន្ថយអត្រាពន្ធ GST លើសម្ភារសំណង់ ត្រូវបានគេរំពឹងថានឹងជំរុញវិស័យ លំនៅដ្ឋាន និងអចលនទ្រព្យ ដោយសារអត្រាពន្ធលើស៊ីម៉ងត៍ ថ្មម៉ាប ថ្មក្រានីត និងបន្ទះឈើ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ កំណែទម្រង់នេះក៏បានផ្តល់អត្ថប្រយោជន៍ដល់វិស័យ សេវាកម្មផងដែរ ដោយសារប្រព័ន្ធពន្ធ GST លើហាងកែសម្ផស្ស កន្លែងហាត់ប្រាណ និងការស្នាក់នៅ សណ្ឋាគារត្រូវបានកាត់បន្ថយមកត្រឹម 5% ។ វិស័យវេជ្ជសាស្ត្រ ជាពិសេស ថ្នាំសង្គ្រោះអាយុជីវិត និងផលិតផលធានារ៉ាប់រងសុខភាពត្រូវបានដាក់ក្នុងប្រភេទ លើកលែង ហើយនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់សម្រាប់ប្រជាជនមួយចំនួនភាគច្រើន។

នាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្តម Narendra Modi សង្កត់ធ្ងន់ថា កំណែទម្រង់នេះនឹងនាំមកនូវវដ្ដនៃការរីកចម្រើន និងធ្វើអោយភាពងាយស្រួលក្នុងការរស់នៅ ប្រសើរឡើង។ លោកបន្តថា វាជាពេលវេលាដែលនឹងនាំមកនូវថាមពលជាថ្មីដល់វិស័យផលិតកម្ម ដែលជាលទ្ធផលអាចជំរុញការបន្ថែមតម្លៃក្នុងស្រុក និងការនាំចេញ។ កំណែទម្រង់នេះត្រូវបានស្វាគមន៍ ដោយអ្នកសេដ្ឋកិច្ច អាជីវកម្ម និងអ្នកប្រើប្រាស់ដូចគ្នា។ កំណែទម្រង់ប្រពន្ធអត្រាពន្ធ GST នៅក្នុងប្រទេសឥណ្ឌា ពិតជានឹងផ្តល់ឱកាសដល់ធុរកិច្ចកម្ពុជា ដែលមានបំណងចូលក្នុងទីផ្សារឥណ្ឌា ក៏ដូចជាអ្នកដែលស្វែងរកឱកាសវិនិយោគក្នុងប្រទេសឥណ្ឌ៕