ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងធ្វើពិពិធកម្មទៅរកប្រភេទឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ឧស្សាហកម្មគ្រឿងអគ្គិសនី ឧស្សាហកម្មយានយន្ត វិស័យថាមពលបៃតង និងឧស្សាហកម្មឌីជីថល


នាព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ (The 10th Belt and Road Summit) ដែលប្រព្រឹត្តទៅក្នុងទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ – បង្កើតអនាគតរួមគ្នា (Collaboration for change – Shape a shared Future)។

កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ បានប្រមូលផ្ដុំទៅដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច វាគ្មិនអន្តរជាតិ និងអ្នកចូលរួមប្រមាណ ៦០០០នាក់ ពី៧០ប្រទេសទូទាំងពិភពលោក។ យ៉ាងហោចណាស់មានគម្រោងវិនិយោគប្រមាណ ២៩០គម្រោង និងការផ្គូផ្គងធុរកិច្ចច្រើនជាង៨០០ ត្រូវបានបង្ហាញ និងរៀបចំឡើងតាមរយៈកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី និងឱកាសអាជីវកម្ម។

ក្នុងក្របខណ្ឌរបស់ប្រទេសកម្ពុជា តាមរយៈសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញអំពីការចូលរួមយ៉ាងសំខាន់របស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសគឺការចូលរួមកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះបានជួយជំរុញកម្ពុជាពង្រឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើង និងកសាងបានហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកផងដែរ។ គម្រោងគួរជាទីចាប់អារម្មណ៍មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ, និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ដោយមានការចូលរួមជំរុញពីផលិតកម្ម, កសិកម្ម, សំណង់, និងសេវាកម្មជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កាលពីឆ្នាំ២០២៤ ហើយសម្រាប់រយៈពេល ៨ខែដំបូងឆ្នាំ២០២៥នេះបានអនុម័តចំនួន ៤៩១គម្រោង។

ថ្នាក់ដឹកនាំខាងលើ​ បានសង្កត់ធ្ងន់ថា ការកើនឡើងយ៉ាងច្រើននៃចំនួនគម្រោងវិនិយោគនេះអាចសម្រេចបានលុះត្រាណាតែរាជរដ្ឋាភិបាលកម្ពុជាទទួលបានការទុកចិត្តពីវិនិយោគិន។ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បានផ្ដោតលើធនធានមនុស្ស និងនិរន្តរភាពជាស្នូលសម្រាប់ការអភិវឌ្ឍ។ កម្ពុជាកំពុងធ្វើពិពិធកម្មទៅរកប្រភេទឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ឧស្សាហកម្មគ្រឿងអគ្គិសនី ឧស្សាហកម្មយានយន្ត វិស័យថាមពលបៃតង និងឧស្សាហកម្មឌីជីថលជាដើម។

តាមរយៈអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាកំពុងជួយជំរុញសមាហរណកម្មពាណិជ្ជកម្ម ធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកសាងមូលដ្ឋានគ្រឹះនៃកំណើនរយៈពេលវែង។ កម្ពុជាជឿជាក់ថាអាស៊ាន រួមជាមួយនឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ នឹងផ្តល់នូវមាគ៌ាយ៉ាងល្អឆ្ពោះទៅរកវិបុលភាពរួមគ្នាសម្រាប់ប្រជាជន ៦៨០លាននាក់នៅក្នុងអាស៊ាន និង ២,៣ពាន់លាននាក់នៅក្នុងតំបន់ ដូចសុភាសិតចិនបានពោលថា “បើចង់ទៅលឿន ត្រូវដើរម្នាក់ឯង បើចង់ទៅបានឆ្ងាយ ត្រូវដើរទៅជាមួយគ្នា”៕