(ទីក្រុងហុងកុង)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។
ក្នុងជំនួបនាឱកាសនេះឯកឧត្តម John KC Lee បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ បន្ថែមពីនេះឯកឧត្តមក៏បានកោតសរសើរចំពោះសុន្ទរកថារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី១០ ដែលបានសង្កត់ធ្ងន់អំពីភាពជាអ្នកដឹកនាំ និងជោគជ័យរបស់កម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តម John KC Lee ដែលបានអញ្ជើញឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ ហើយនេះជាលើកទី២ហើយដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំនេះ។ ឯកឧត្តមបានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះទស្សនកិច្ចរបស់ឯកឧត្តម John KC Lee មកកម្ពុជា និងបានចូលជួបជាមួយប្រមុខថ្នាក់ដឹកនាំកម្ពុជា ពិសេសនាឱកាសនោះមានការចុះអនុស្សរណៈនៃការយោគយល់គ្នាលើការងារពាក់ព័ន្ធការវិនិយោគផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីការកើនឡើងនូវចំនួនគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសក្នុងឆ្នាំ២០២៥នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា និងការកែសម្រួលនីតិវិធីចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (ប្រព័ន្ធ cdcIPM)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ច្បាប់វិនិយោគកម្ពុជាមានភាពបើកចំហរចំពោះការវិនិយោគគ្រប់ប្រភេទ។
ភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំយូរអង្វែង និងប្រកបដោយប្រសិទ្ធភាព តាមរយៈការរៀបចំវេទិកាធុរកិច្ច និងការផ្កូផ្គងវិនិយោគនានា៕