ក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើអាជ្ញាធរ បន្តយកចិត្តទុកដាក់ បង្ការ និងទប់ស្កាត់ចោរលួចគាស់ផ្ទះ និងអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើ ឱ្យអាជ្ញាធររាជធានី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ បង្ការទប់ស្កាត់ ចោរលួចគាស់ផ្ទះ គ្រោះអគ្គីភ័យ ការដោះស្រាយលំហូរ ចរាចរ ខណៈពលរដ្ឋត្រូវចាកចេញពីភ្នំពេញទៅលេងតាមបណ្តាខេត្ត។

ការស្នើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្ដម ឆាយ វីរៈអភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ការងារលើវិស័យអប់រំនៅរាជធានីភ្នំពេញធ្វើបានល្អប្រសើរ សិស្សានុសិស្សប្រឡង ឌីប្លូប ជាប់បានច្រើន ហើយចំពោះ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងការប្រឡង បាក់ឌុបឆ្នាំនេះវិញឃើញថា៖ មានលក្ខណៈល្អប្រសើរផងដែរ។

ដោយឡែកចំពោះការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទៅ មានភាពល្អប្រសើរ ពោលគឺ បទល្មើសកើតឡើង កម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន១០០% ។ចំពោះបញ្ហាគ្រឿងញៀននិង ក្មេងទំនើងអាជ្ញាធរនិងកងកម្លាំងបានចាត់វិធានការ បង្ការនិងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដដែរនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសូមឱ្យអាជ្ញាធររាជធានី និងកងកម្លាំងចំណុះឱ្យ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជុំវិញសកម្មភាព ចោរលួចគាស់ផ្ទះ ខណៈពលរដ្ឋទុកផ្ទះចោល ហើយត្រូវចាកចេញទៅលេង ស្រុកកំណើត។សូមបន្តការដោះស្រាយបញ្ហាលំហូរ ចរាចរ ដោយពលរដ្ឋត្រូវសម្រុកចាកចេញពីភ្នំពេញ ទៅតាមខេត្ត។សូមប្រុងប្រយ័ត្ន លើការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យ ជាមួយនិងការបង្កើនយកចិត្តទុកដាក់ ចំពោះ អនាម័យ បរិស្ថាន ពិសេសការប្រមូលនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្ដម ម៉ប់ សារិន ក្នុងកិច្ចប្រជុំនេះបានបញ្ជាក់ថា៖ រយៈពេល១ខែកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញអនុវត្តកាងារបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងកិច្ចការងារបំរើសេវាកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី ឯកឧត្ដមប្រធានក្រុមប្រឹក្សានូវបានជំរុញឱ្យអាជ្ញាធររាជធានី បន្តអនុវត្តការងារឱ្យកាន់តែល្អប្រសើរ ថែមទៀត។

ឯកឧត្ដម ឆាយ វីរៈ ក្នុងឱកាសនោះដែរក៏បានថ្លៃងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានកោតសរសើរចំពោះការអនុវត្តការងាររបស់ អាជ្ញាធររាជធានីភ្នំពេញដែលបានអនុវត្តនាពេលកន្លងមក។ ការកោតសរសើរនេះ វាជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត៕