សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ផ្តល់ជូនផ្ទះចំនួន៤ខ្នង (លេខរៀងទី១៦-១៧-១៨-១៩) ដល់គ្រួសារទីទ័លក្រ ជនពិការភាព និងជនចាស់ជរាគ្មានទីពឹងចំនួន៤គ្រួសារ ក្នុងនោះនៅស្រុកព្រៃនប់២គ្រួសារ និងស្រុកកំពង់សីលា ចំនួន២គ្រួសារ។
ពិធីប្រគល់នេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិកសមាជិកា គណៈកម្មាធិការសាខា លោកអ្នកឧកញ៉ា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តជាច្រើនរូប។
ផ្ទះចំនួន៤ខ្នង ដែលប្រគល់ជូននាពេលនេះ គឺធ្វើអំពីដែកជញ្ជាំងស៊ីម៉ងម៍ ដំបូលប្រក់ស័ង្កសីក្រុមហ៊ុន មានចង្ក្រានបាយ តយាបមុខ និងបង្គន់អនាម័យ តាមផែនការសកម្មភាពឆ្នាំ២០២៥ ស្ថិតនៅក្នុងឃុំជើងគោ១ខ្នង ឃុំតានៃ១ខ្នង ក្នុងស្រុកព្រៃនប់ និងឃុំកំពង់សីលា២ខ្នង ក្នុងស្រុកកំពង់សីលា។
នាឱកាសនេះឯកឧត្តម ម៉ាង ស៊ីណេត បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តម បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ទៀតថា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អ គឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ក្រៅពីការប្រគល់ផ្ទះ សាខាផ្តល់ជូនបន្ថែមនូវសម្ភារ: ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ៥០គីឡូក្រាម, កន្ទេល ១ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា), មី ១កេស, ត្រីខ១យួរ, កន្ទេល១, ទឹកត្រី១យួរ, ស្បែកជើង៥គូ, សម្ភារៈផ្ទះបាយ១ឈុត និងថវិកាក្នុង១គ្រួសារ ចំនួន១០០,០០០រៀល ក្នុងពេលនោះដែលសមាជិកគណៈកម្មាធិការសាខា បានឧបត្ថម្ភបន្ថែមក្នុង១គ្រួសារ៤០ម៉ឺនរៀល៕