អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាលជាមួយបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ២៦០នាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ជាមួយបង ប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន ២៦០នាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាក់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះលោកជំទាវ បាន ស្រីមុំ បាននាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជា ហើយសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់កាលទេសៈ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកជំទាវអភិបាលខេត្ត បានអំពាវនាវដល់ពលករ ដែលទើបត្រឡប់មកពីប្រទេស ថៃវិញ សូមបន្ដស្នាក់នៅនឹងធ្វើការនៅក្នុងប្រទេសរបស់យើងព្រោះបច្ចុប្បន្ននេះ ព្រោះកម្ពុជា ក៏មានតម្រូវការ បុគ្គលិក ធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា+ថៃ មិនទាន់ដោះស្រាយរួចរាល់ការដែលបងប្អូនចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច ដូច្នេះហើយត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសប្រើប្រាស់ផលិតផលក្នុងស្រុក រួមគ្នាពង្រឹងខឿនការពារជាតិ និងខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង។

លោកជំទាវ បាន ស្រីមុំ បានបន្ថែមថា​ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការ សម្រួល ជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាម លទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

បើតាមរបាយការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិន បានឱ្យដឹងថា គិតមកដល់ដើមខែកញ្ញាឆ្នាំ២០២៥នេះ នៅខេត្តប៉ៃលិន មានពលករត្រឡប់មកពីប្រទេសថៃ មានចំនួន១៥០២នាក់ និងជួយរកការងារធ្វើ បាន ចំនួន ៧៥៩នាក់ ផងដែរ៕