លោក ហ៊ុន ម៉ាណែត ស្នាមញញឹមរបស់ពលករនៅប្រទេសថៃ ជាកាដូពិសេសសម្រាប់ថ្ងៃកំណើត


លោក ហ៊ុន ម៉ាណែត បានថ្លែងថា ស្នាមញញឹមរបស់ពលករខ្មែរនៅក្នុងប្រទេសថៃ គឺជាកាដូដ៏ពិសេសបំផុតសម្រាប់ថ្ងៃកំណើតរបស់លោក។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺឆ្លើយតបទៅនឹងសំណួររបស់មិត្តភក្តិរបស់លោក ដែលបានចោទសួរលោកថា នឹងធ្វើដើម្បីជាការអបអរសាទរថ្ងៃកំណើតរបស់លោកគម្រប់ ៤០ឆ្នាំ (២០ តុលា ១៩៧៧-២០ តុលា ២០១៧) នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។
លោក ហ៊ុន ម៉ាណែត បានឆ្លើយសំណួរនេះនៅលើទំព័រ Facebook របស់លោកនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះថា «ខ្ញុំប្រាប់គាត់ថាអត់បានជប់លៀងទេ ប៉ុន្តែបានទទួលនូវភាពសប្បាយរីករាយដោយបានឃើញស្នាមញញឹមជាច្រើនរបស់បងប្អូនពលករខ្មែរ ក៏ដូចជាក្រុមការងារធ្វើលិខិតធ្វើដំណើរជូនពលករខ្មែរនៅខេត្តរ៉ាយ៉ងប្រទេសថៃ ពេលខ្ញុំចុះទៅពិនិត្យមើលដំណើរការធ្វើលិខិតធ្វើដំណើរជូនពលករខ្មែរនៅទីនោះ»។
ជាមួយនឹងរូបភាពថតជាមួយពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃជាច្រើនសន្លឹកជាមួយទឹកមុខញញឹញញែមគ្រប់គ្នានោះ លោក ហ៊ុន ម៉ាណែត បានបន្តថា «ទោះបីជាក្រុមការងារមានការហត់នឿយ ហើយបងប្អូនពលករខ្លះត្រូវចំណាយពេលវេលារង់ចាំយូរបន្តិច ប៉ុន្តែស្នាមញញឹមនិងភាពរួសរាយប្រកបដោយការស្រលាញ់និងការយោគយល់គ្នារបស់បងប្អូននៅតែមាន។ នេះជាកាដូពិសេសណាស់សម្រាប់ថ្ងៃកំណើតរបស់ខ្ញុំឆ្នាំនេះ គឺស្នាមញញឹមរបស់បងប្អូនទាំងអស់គ្នា»។
សូមបញ្ជាក់ថា ក្នុងពេលប៉ុន្មានថ្ងៃនេះ រួមទាំងថ្ងៃកំណើតរបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត និងក្រុមការងាររបស់រាជរដ្ឋាភិបាល បានចុះទៅធ្វើការងារមួយចំនួនប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ ធ្វើយ៉ាងណាឲ្យពលករខ្មែរអាចទទួលបានសិទ្ធិស្របច្បាប់ធ្វើការនៅក្នុងប្រទេសថៃ និងទទួលបានអត្ថប្រយោជន៍ផ្សេងដូចពលរដ្ឋថៃផងដែរ៕