សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់


នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៧២៤នាក់មកពីរោងចក្រ៧០ផ្សេងៗគ្នា ក្នុងស្រុកចំនួន០៤ ក្នុងខេត្តកណ្ដាល រួមមាន ស្រុកអង្គស្នួល ស្រុកស្អាង ស្រុកតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការនីនាពេលនេះ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន១៣ ដងរួចហើយរួមទាំង ហើយលើកនេះគឺជាលើកទី១៤ នៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៨ដងហើយ រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ឧស្សាហកម្មវឌ្ឍនៈទី១ រោងចក្រតំបន់ចាក់អង្រែលើ និងរោងចក្រតំបន់កំបូល។
សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។ ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុនគឺតែជាង៣០ដុល្លារប៉ុណ្នោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឹប្រាក់ឈ្នូលអប្បបរិមាគឺ ១៥៣ ដុល្លា ហើយនៅឆ្នាំ២០១៨ ខាងមុខនេះ នឹងឡើង ១៧០ដុល្លា (ឡើង១១%) បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ។ ទន្ទឹមនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្ម ២០១៥-២០២៥ សម្តេចតតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណៈការងារនិងប្រាក់ចំណូលល្អ:
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បបរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ ចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងថ្លៃទឹកតែ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគីប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មករ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%(៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ។) លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ សម្រាប់កម្មការនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន១លាន២០ម៉ឺនរៀលរួមនឹងការឧបត្ថម្ភបន្ថែមទៀតពីសម្ដេចតេជោ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ ។
៥)បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខ័ណ្ឌការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការនី និយោជក ទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមាន ផ្ទៃពោះចំនួនប្រមាណ២១៨នាក់ ដែលបង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីករាយក្រៃលែង៕