សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី កាវ ស៊ីថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់


សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី កាវ ស៊ីថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

លិខិតរបស់សម្ដេចមហាមន្រ្តី គុយ សុផល មានខ្លឹមសារទាំងស្រុងថា៖ «តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលកំពុងបម្រើការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវជាស្វាមីរបសលោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។

ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយដ៏ក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព។ ការទទួលមរណភាពនៃឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ គឺជាការបាត់បង់នាយ ទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលជាឧត្តមធនធានមនុស្សដ៏សំខាន់មួយរូប ពោរពេញដោយសមត្ថភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានា និងបានចូលរួមក្នុងវិស័យការពារជាតិយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ សង្គហធម៌ ជាទីគោរពស្រឡាញ់នៃកូនចៅ និងមហាជនទាំងពួង។

ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ និងសូមវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។ សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលនូវសេចក្តីរាប់អានអំពីខ្ញុំ»៕