គណបក្សប្រជាជនកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់


គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្ដែងនូវទុក្ខក្រៀមកំប្រកបដោយក្តីក្តុកក្តួលបំផុតដោយ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨៖០០នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលបានរួមចំណែកយ៉ាងសកម្មជាមួយគណបក្ស និងធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានទៅកាន់សុគតិភពកុំបីខានឡើយ៕