ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើស្ថាប័នហាឡាលម៉ាទ្បេស៊ី Jakim ទទួលស្គាល់ហាឡាលកម្ពុជា ដើម្បីឲ្យអ្នកផលិត ឬកែច្នៃផលិតផលដែលមានស្លាកសញ្ញាហាឡាលកម្ពុជា អាចនាំចេញទៅម៉ាឡេស៉ី និងពិភពលោក


នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Sirajuddin bin Suhaimee អគ្គនាយក នៃនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល។

ជំនួបនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥(GHAS) នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់ស្ថាប័ន JAKIM ដែលកន្លងមក ធ្លាប់បានទ្រទ្រង់វិស័យហាឡាលនៅកម្ពុជា ផ្តល់ជំនួយសាងសង់ព្រះវិហារឥស្លាម សូរ៉ាវ វិទ្យាស្ថាន សាលារៀន អន្តេវាសិកដ្ឋានសិស្ស ពង្រីកដីទីធ្លាសាលា សិក្ខាសាលា វគ្គបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

ទន្ទឹមគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើស្ថាប័ន JAKIM បន្តគាំទ្រក្នុងការជួយបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសដល់មន្ត្រីរបស់ស្ថាប័នហាឡាលកម្ពុជាដែលត្រូវបានបង្កើតនៅឆ្នាំ២០១៦ កន្លងទៅ ក្នុងការបង្កើនសមត្ថភាព និងបទពិសោធន៍របស់កម្ពុជា ដើម្បីធានាថាដំណើរការហាឡាលរបស់កម្ពុជាស្របតាមស្តង់ដារហាទ្បាលជាអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យ JAKIM ទទួលស្គាល់ស្លាកសញ្ញាហាឡាលកម្ពុជា និងវិញ្ញាបនបត្រហាទ្បាលដែលចេញដោយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្ម។ ការទទួលស្គាល់នេះមានន័យថា ផលិតផលដែលមានស្លាកសញ្ញា «ហាឡាលកម្ពុជា» អាចនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗដ៏ទៃទៀត បានយ៉ាងងាយស្រួល ពីព្រោះ JAKIM ត្រូវបានចាត់ទុកជាស្ថាប័នឈានមុខគេលើការគ្រប់គ្រងហាឡាលនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី។

ជាការឆ្លើយតប លោកបណ្ឌិត Sirajuddin bin Suhaimee បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងបានសន្យាថា នឹងជួយគាំទ្រតាមការស្នើសុំខាងលើ ព្រមទាំងបានស្នើសុំឲ្យភាគីកម្ពុជា ជួយពន្លឿនអនុវត្តស្របតាមលក្ខខណ្ឌតម្រូវមួយចំនួនឲ្យបានឆាប់ ដែលកម្ពុជាមិនទាន់បានបំពេញសមស្របនៅទ្បើយដើម្បីឲ្យ Jakim ពិចារណាទទួលស្គាល់ហាឡាលរបស់ប្រទេសកម្ពុជាឆាប់ៗនេះ៕