ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពលើបច្ចេកទេសដើម្បីជំរុញការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកចម្រុះ(IWRM) ក្រោមសហហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះប្រព្រឹត្តទៅដោយផ្ទាល់ជាមួយអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់(GDR) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានវត្តមានចូលរួមពីសហក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Ryutaro Takaku-Bessho និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលដឹកនាំដោយលោក Ronald Muana ដើម្បីពិនិត្យលើកិច្ចការនានា ជាមួយនឹងលក្ខខណ្ឌតម្រូវពីធនាគារដែលជាដៃគូអភិវឌ្ឍន៍ទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងធ្វើការឱ្យបានជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់(GDR) ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តនូវអ្វីដែលជាលក្ខខណ្ឌចែង និងនិយាមទាំងឡាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងដែលផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងមូល៕