ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ចិន និងកម្ពុជា គឺជាអ្នករួមដំណើរគ្នាក្នុងការអភិវឌ្ឍន៍ និងជាអ្នកដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
តាមរយៈបណ្តាញសង្គមការងារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ម្សិលមិញនេះ មន្ត្រីការទូចចិនខាងលើ បានគូសរំលេចថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រហូតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានគាំទ្រដល់ការអនុវត្តគម្រោងចំនួន ១០៨ របស់កម្ពុជា ដោយតាមរយៈមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងទាំងនេះគ្របដណ្តប់លើការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន ការអប់រំ ការការពារបង្ការជំងឺក្នុងតំបន់ត្រូពិច និងការជួសជុលលំនៅដ្ឋានសម្រាប់ជនរងគ្រោះដោយគ្រោះមហន្តរាយ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរាប់សែននាក់នៅក្នុងខេត្តចំនួនជាងដប់ក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលជាក់ស្តែងនិងជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តម បានគូសរំលេចថា ភាគីចិនរីករាយក្នុងការពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព និងកិច្ចសម្របសម្រួលជាមួយបណ្តាប្រទេសមេគង្គ រួមទាំងប្រទេសកម្ពុជា ដើម្បីបង្កើតគម្រោងល្អឥតខ្ចោះបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ចឌីជីថល និងAIជាដើម រួមគ្នាបង្កើតទសវត្សរ៍មាសបន្ទាប់នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួមគ្នាឆ្ពោះទៅសហគមន៍វាសនារួមគ្នាសម្រាប់ប្រទេសឡានឆាង-មេគង្គ។
គួរជម្រាបជូនថា នាព្រឹកថ្ងៃដដែលខាងលើ កម្ពុជា-ចិន បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា។
ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោងកម្ពុជាសរុបចំនួន ១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។
គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ជា ច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្សនិងការស្តារឡើងវិញ នូវតំបន់វប្បធម៌ ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើក កម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងការលុប បំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន ៩៥ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែក យ៉ាងសំខាន់ដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕



