នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលស្ពានថ្មីឆ្លងកាត់ទន្លេសាបនេះ ដែលជាសមិទ្ធផលរួមរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលរបស់រាជធានីភ្នំពេញផងដែរ។ តាមរយៈសមិទ្ឋផលស្ពានបេតុងថ្មីនេះគឺនឹងជួយរំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក្នុងពេលដែលស្ពានជ្រោយចង្វារចាស់កំពុងដាក់អោយជួសជុល និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញពីបណ្តាខេត្តមករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដែលកំពុងដែលមានកំណើនឥតឈប់ឈរ ជាពិសេសជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីតំបន់ឬស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលនឹងធ្វើអោយការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង ។
ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏អបអរសាទរចំពោះខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានបញ្ជាក់ថា ការពិតនៃការកើតចេញ “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចារដំបូង “សីហនុ-ហ៊ុន សែន” នៅថ្ងៃទី ២-៤ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois, ប្រទេសបារាំង។ នេះជាប្រវត្កិសាស្រ្តពិតដែលបាននាំមកដល់កិច្ចព្រមព្រៀងងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។ បើគ្មានការបើកផ្លូវចរចារនៅពេលនោះទេ ក៏គ្មានកិច្ចព្រៀមព្រៀងទីក្រុងប៉ារីសដែរ៕
សម្តេចតេជោ បានរំលឹកថា កាលពីមុនរាជធានីភ្នំពេញមានតែផ្ទៃដីប្រមាណ៣០០គីឡូមែត្រការ៉េ តែពេលនេះបានពង្រីកឡើងដល់៧០០គីឡូម៉ែត្រការ៉េ ជាមួយសមិទ្ធផលថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ កាលពីមុនតំបន់ព្រែកតាសេកក្នុងខេត្តកណ្តាល មិនមានមនុស្សរស់នៅច្រើននោះទេ ហើយមិនស្ថិតនៅក្នុងរាជធានីភ្នំពេញដែរ ប៉ុន្តែពេលនេះតំបន់នេះបានកាត់បញ្ចូលនៅក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ និងស្ពានឆ្លងកាត់ទន្លេ និងមានគម្រោងជាច្រើនទៀត។
ដូចច្នេះដើម្បីការពាររក្សានូវសមិទ្ធផលជាតិទាំងអស់នេះ និងដើម្បីសេចក្តីសុខរបស់យើងគ្រប់ៗគ្នា គឺសូមប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាពអោយនៅគង់វង្ស។ ពិតណាស់ បើគ្មានសន្តិភាពទេ ក៏គ្មានការអភវិឌ្ឍដែរ។ ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចតេជោ ក៏បានអោយត្រៀមដឹកជញ្ជូនអាវភ្លៀងទៅចែកជូនកងទ័ព ដែលកំពុងឈរជើងតាមតំបន់ព្រំដែន ព្រោះពេលនេះមានភ្លៀងធ្លាក់ច្រើន និងមានអាកាសធាតុត្រជាក់។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់អំណោយថវិកាមួយចំនួនជូនដល់សាលាខណ្ឌឬស្សីកែវ និង ខណ្ឌជ្រោយចង្វារ ព្រមទាំងក្មួយៗក្រុមកាយរឹទ្ធ កម្មករសាងសង់ស្ពាន យាយជី តាជី ហើយចុងបញ្ចប់ សម្តេចតេជោ បានអញ្ជើញចុចប៉ូតុង សម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង ៩២២ ម៉ែត្រ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕