រាជរដ្ឋាភិបាល បន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចធិបតី បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ»។
គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃទី៥៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង ១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕