សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន


សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀត។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ ឆ្នាំទី១នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ៕