ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលសម្ភារៈយោធា ពីឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទី ថានី, ឯកឧត្តម កែវ វីរៈ និងឯកឧត្តម រ៉ូសហ្វី អ៊ូស្មាន ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលបាននាំយកអាវក្រោះ ចំនួន១១៩ឈុត មួកសុវត្ថិភាព ចំនួន៦០០មួក ម៉ាស់ការពារផ្សែងពុល ចំនួន៦០០ម៉ាស់ និងកាសការពារសម្លេង ចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះ អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលផ្តល់នូវសម្ភារដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរនៅមុខស្ថិតក្នុងស្ថានភាពចំពោះមុខនេះ។ លោកអភិបាលខេត្ត បានប្តេជ្ញានឹងយកអាវក្រោះ ព្រមទាំងសម្ភារៈការពារទាំងនេះ ទៅប្រគល់ជូនវីរកងទ័ពជួរមុខ ដោយផ្ទាល់ដៃ ក្នុងស្មារតី ខ្មែរជួយខ្មែរ។
ឯកឧត្តមបានថ្លែងថា សកម្មភាពនេះបានបង្ហាញឱ្យឃើញ ពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
ឯកឧត្តមបានបន្ថែមថា សម្រាប់ខឿនការពារជាតិ បងប្អូនប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃផងដែរ បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរដ្ឋបាលសាលាខេត្ត ស្រុក ក្រុង ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភាសឹក ដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះ គឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមរភូមិក្រោយ ជួយសមរភូមិមុខ ស្មារតីខ្មែរជួយខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែង អំណរគុណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ទឹកចិត្តអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលបានចូលរួមឧបត្ថម្ភសម្ភារៈយោធា ដើម្បីផ្តល់ជូនដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញ មកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ៕